ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក Andrey RUDENKO ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ។សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺជាផ្នែកនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីឲ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។ សម្ដេចបានរំលេចថា ឆ្នាំនេះទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីបានឈានមកដល់ខួប៧០ឆ្នាំហើយ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ លោក Andrey RUDENKO បានសរសើរចំពោះសម្ដេចតេជោ និងបានលើកឡើងថា សម្ដេចតេជោគឺជាមេដឹកនាំមួយរូបដែលប្រជាជនរុស្ស៊ីបានស្គាល់ ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។បន្ថែមពីលើនោះ លោកក៏បានជម្រាបសម្ដេចតេជោ ពីការពង្រឹងនូវពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឲ្យមានការកើនឡើង។
សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងការពេញចិត្តចំពោះការលើកឡើងរបស់លោកអនុរដ្ឋមន្ត្រីជុំវិញទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ សម្ដេចបានស្វាគមន៍បន្ថែមទៀតចំពោះការពិភាក្សារវាងឯកឧត្តមជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយផ្ដោតទៅលើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលសម្ដេចបានចាត់ទុកថា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ គឺជាចំណុចស្នូរបន្ថែមទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។
បន្ថែមពីលើនេះ សម្ដេចតេជោក៏បានរំលេចអំពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាពិសេសគឺតួនាទីរបស់សម្ដេចផ្ទាល់ដែលបានពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយរុស្ស៊ីតាំងពីសម្ដេចតេជោនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រី ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើនលើក និងបានធ្វើកិច្ចការងារជាមួយមេដឹកនាំរុស្ស៊ីជាច្រើនកន្លងមក។សម្ដេចក៏បានអរគុណចំពោះរដ្ឋាភិបាលរុស្ស៊ីដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។
ជាមួយគ្នានេះ លោក Andrey RUDENKO ក៏បានលើកឡើងពីការរង់ចាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ លោកបានលើកឡើងថា ថ្នាក់ដឹកនាំរបស់រុស្ស៊ី លោក វ្លាឌីមៀ ពូទីន កំពុងតែរង់ចាំវត្តមានរបស់សម្ដេចតេជោក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដែលឆាប់ៗខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចតេជោក៏បានលើកឡើងថា នៅពេលនេះ សម្ដេចកំពុងតែពិនិត្យមើលពីកាលបរិច្ឆេទ ដើម្បីកំណត់នូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលខាងមុខហើយសម្ដេចក៏សូមបញ្ជាក់ផងដែរថាកម្ពុជាក៏ត្រៀមទទួលដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរុស្ស៊ីរួបរួមផងដែរ ដែលឯកឧត្តមដែលគ្រោងនឹងអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់លោក និងប្រតិភូទាំងអស់ ឲ្យបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពជោគជ័យ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច