ប្រទេសថៃ៖ ជនសង្ស័យជាក្រុមបះបោរ បានដុតបំផ្លាញអគាររដ្ឋាភិបាល ហាង រថយន្ត និងបង្គោលហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈ នៅជាង ៧០ទីតាំង ទូទាំងខេត្តចំនួន ៤ នៅចុងភាគខាងត្បូងនៃប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅ ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់រងរបួស អំឡុងការវាយប្រហារដុតបំផ្លាញជាបន្តបន្ទាប់ដែលត្រូវបានធ្វើឡើងស្របគ្នា។ នេះបេីយោងតាមការឱ្យដឹងពីអាជ្ញាធរថៃ។
កាលពីចុងសប្ដាហ៍កន្លងមក មានការវាយប្រហារយ៉ាងហោចណាស់ ៧៨ទីតាំង នៅទូទាំងខេត្តចំនួន ៤ ដោយ ៤០កន្លែង នៅក្នុងខេត្ត Narathiwat ២១កន្លែង នៅ Yala ១៥កន្លែង នៅ Pattani និង ២កន្លែង នៅ Songkhla។ គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវទេ សម្រាប់ហេតុការណ៍ទាំងនេះ។ ការវាយប្រហារភាគច្រើន បានកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែសីហា នៅទូទាំងខេត្ត Pattani, Yala, Narathiwat និងផ្នែកខ្លះរបស់ខេត្ត Songkhla ដោយមានការវាយប្រហារបន្ថែមទៀតនៅថ្ងៃទី២៣ ខែសីហា។
មានការរាយការណ៍ថា អ្នកវាយប្រហារប្រដាប់អាវុធយ៉ាងហោចណាស់ ១៥នាក់ បានវាយឆ្មក់ចូលតំបន់រដ្ឋាបាល Phoming (ភូមីង) ក្នុងស្រុកប៉ាណារ៉េ (Panare) ខេត្ត Pattani កាលពីយប់ថ្ងៃទី២៣ ខែសីហា ដោយចងឆ្មាំសន្តិសុខ ២នាក់ មុនពេលបំបែកជាក្រុមៗ ដើម្បីដុតរថយន្ត ដុតការិយាល័យរដ្ឋបាលមូលដ្ឋាន និងបង្កប់គ្រាប់បែក។
រថយន្តក្រុង ៤គ្រឿង ដែលមានរថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកសំរាម រថយន្តភីកអាប់ និងរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានបំផ្លាញ។ គ្រាប់បែក ១គ្រាប់ក្រោយមកបានផ្ទុះនៅជិតកន្លែងយាមរបស់សន្តិសុខ ដែលបណ្តាលឱ្យមានខូចខាតបន្ថែមទៀត។ មន្ត្រីជឿជាក់ថា ហេតុការណ៍នេះ គឺជាផ្នែកមួយនៃយុទ្ធនាការធ្វើឡើងស្របគ្នានៃការបង្កចលាចល នៅទូទាំងខេត្តព្រំដែនភាគខាងត្បូងទាំង៣ របស់ប្រទេសថៃ។
អាជ្ញាធរបានដាក់ចេញបម្រាមគោចរ នៅខេត្ត Narathiwat ហើយនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៣ ខែសីហា នាយករដ្ឋមន្ត្រី លោក Anutin Charnvirakul បានស្នើសុំឱ្យកងកម្លាំងសន្តិសុខធានាសុវត្ថិភាពសាធារណៈ។
រយះពេល ២ថ្ងៃមកនេះ ខេត្ត៣ ដូចជា Narathiwat, Yala និង Pattani ត្រូវវាយប្រហារយ៉ាងធ្ងន់ធ្ងរ មានទាំងការបំផ្ទុះគ្រាប់បែក បាញ់រះ និងប្លន់ប្រដាប់អាវុធ។ មិនត្រឹមប៉ុណ្ណឹង ក្រុមផ្តាច់ខ្លួនក៏បានដុតបំផ្លាញអគាររដ្ឋបាលមូលដ្ឋាន, បំផ្ទុះគ្រាប់បែក, ដុតបំផ្លាញបង្គោលភ្លើង និងអង់តែនទូរគមនាគមន៍ ព្រមទាំងដុតកង់ឡាននៅលើផ្លូវ ផងដែរ។
បើសរុបទិន្នន័យនៃការវាយប្រហារនេះ គឺនៅខេត្ត Narathiwat មាន ២២ករណី, Yala ១៨ ករណី និង Pattani ១១ ករណី។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សជាង ៧.៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសម៉ាឡេស៊ី នៅពេលដែលការបះបោរដ៏យូរអង្វែងចុងក្រោយបង្អស់ដឹកនាំដោយក្រុម Barisan Revolusi Nasional (BRN) បានផ្ទុះឡើង៕

ដោយ៖តារា
(រូប៖ Khaosod)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច