ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លង់ទឹកស្លាប់នៅទំនប់បង្ហៀរទឹក១មករា សមត្ថកិច្ចរកសពឃើញហើយប្រគល់ជូនក្រុមគ្រួសារ

ចែករំលែក៖

កំពង់ធំ៖ បុរសម្នាក់បានលង់ទឹកស្លាប់ ខណៈចុះលេងទឹកនៅចំណុចទំនប់បង្ហៀរទឹក១មករា ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ និងសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ រាវរកសពរហូតរកឃើញ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចទំនប់បង្ហៀរទឹក១មករា ស្ថិតក្នុងភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ជិន ចយ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូក្នុងស្ថានភាពស្រវឹងទៅលេងទឹកនៅចំណុចទំនប់បង្ហៀរទឹកខាងលើ។ លុះទៅដល់ ស្រាប់តែជនរងគ្រោះបានលិចបាត់ខ្លួនក្នុងទឹកតែម្តង។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបល្ល័ង្ក ប្រជាការពារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចុះអន្តរាគមន៍រាវរកសព។ រហូតដល់វេលាម៉ោង ១២និង០៨នាទីថ្ងៃត្រង់ថ្ងៃដដែល ទើបរកឃើញសពជនរងគ្រោះនៅក្នុងទឹកទំនប់។

ក្រោយពិនិត្យសាកសព សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ដោយមិនមានពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នពេលចុះលេងទឹក ឬធ្វើដំណើរឆ្លងកាត់តំបន់ដែលមានទឹក ពិសេសក្នុងរដូវវស្សា ដែលទឹកអាចហូរខ្លាំង និងមានហានិភ័យខ្ពស់៕ជ្រោយពេជ្រ

 


ចែករំលែក៖