ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល បានចុះប្រតិបត្តិការទាំងយប់រហូតឈានដល់ការឃាត់ ខ្លួនក្រុមក្មេងទំនើង ចំនួន ៩នាក់ នៃក្រុមដែលមាន ឈ្មោះថា «NYK» នៅក្នុងភូមិសាស្ត្រឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។
ពាក់ព័ន្ធនឹងប្រតិបត្តិការនេះ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បាន ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ខែសីហានេះថា ការប្រមូលមួយលើកនេះបាន ៩នាក់ នៅសល់ ៦នាក់ទៀត តែយ៉ាង ណាប្រហែលស្ងាត់បានយូរបន្តិចហើយ។ ក្រុមនេះមាន ឈ្មោះ “NYK មិនដឹងមានន័យថាម៉េចទេ” នៅឃុំវិហារសួគ៌ ដោយកន្លងមក តែងតែធ្វើសកម្មភាពជិះម៉ូតូបង្ហោះ ប្រមូលផ្តុំគ្នា កាន់កាំបិត និងបង្កហិង្សា ដែលធ្វើឱ្យអសន្តិសុខនៅតាមទីសាធារណៈ ក្នុងភូមិសាស្ត្រខ្សាច់កណ្តាល ហើយការចុះបង្ក្រាបផ្ទាល់ដៃ និងទាន់ពេលវេលារបស់កងកម្លាំងប្រដាប់អាវុធ បានធ្វើឡើងបន្ទាប់ពីក្រុមនេះបានធ្វើសកម្មភាពបង្កភាពវឹកវរក្នុងសង្គម។
លោកអភិបាលស្រុកក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពានការនឿយហត់ «ធ្វើការដាច់យប់» រហូតឈានទៅដល់ការបំបែក និងប្រមូលសមាជិកក្រុមបង្កជម្លោះនេះបានជាបន្តបន្ទាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច