ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញជលផល បានរុះរើ បំផ្លាញឧបករណ៍ល្មើស និងលែងកូនត្រីចម្រុះប្រមាណជិត ៥០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ក្នុងបេសកកម្មចុះប្រតិបត្តិការត្រួត ពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ៣ករណី ក្នុងទីតាំងផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានរុះរើបំផ្លាញឧបករណ៍ល្មើស និងលែងកូនត្រីចម្រុះទម្ងន់ ៤៩ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ។

លោក លី ស្រី នាយខណ្ឌជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឲ្យដឹងថា ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៥ សីហា នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ បានដោយរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖

ករណីទី១ នៅចំណុចចុងព្រែកជីក ឃុំព្រែកកុយ ស្រុកកងមាស បានរឹបអូសឧបករណ៍ស្បៃមុងចំនួន ៧មាត់ របាំងស្បៃមុងប្រវែង ១៧៥ម៉ែត្រ បង្គោលចម្រឹង ៧៥ដើម ចាក់លែងកូនត្រីចម្រុះ ២១គីឡូក្រាម ។

ករណីទី២ នៅចំណុចទំនប់រំលិច ឃុំព្រែកកុយ ស្រុកកងមាស មានឧបករណ៍ស្បៃមុងចំនួន ៩មាត់ របាំងស្បៃមុងប្រវែង ២៣០ម៉ែត្រ បង្គោលចម្រឹង ១១០ដើម ចាក់លែងកូនត្រីចម្រុះ ២៨គីឡូក្រាម។

ករណីទី៣ នៅចំណុចក្រោយវត្តមេ ស ឃុំព្រែកកុយ ស្រុកកងមាស មានឧបករណ៍លបប្រឹស១០០ ចំនួន ៦គ្រឿង ៕


ចែករំលែក៖