ខេត្តកោះកុង៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តកោះកុង បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលមហោស្រពខេត្តកោះកុង និងដុតបំផ្លាញគ្រឿងញៀននៅទីតាំងអាកាសយានដ្ឋានកោះកុង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោកជំទាវ ឈី វ៉ា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង និងលោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ថ្នាំញៀនដែលត្រូវបានដកហូតតាមរយៈអំណាចសាលក្រម និងសាលដីកាស្ថាពរ ដើម្បីសម្រេចរឹបអូសបំផ្លាញចោល មានសរុបចំនួន ៦៥ សំណុំរឿង (ទម្ងន់សរុប ៤,៤៨៣ គីឡូក្រាម និង ១៤.៤ ក្រាម)។
គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលរួមមាន៖
ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)៖ ឮ ចំនួន ៤,០៨១ ដុំ, ៣៨៥ កញ្ចប់, ៣៨ កំណាត់ទុយោ និងថ្នាំគ្រាប់ WY ២ គ្រាប់ (ទម្ងន់សរុបស្មើនឹង ៤,០៧១ គីឡូក្រាម និង ៥២០.៤ ក្រាម ថ្លឹងទាំងសំបក)។
ថ្នាំញៀនប្រភេទកេតាមីន៖ ចំនួន ៤១៥ ដុំ (ទម្ងន់ស្មើនឹង ៤១១ គីឡូក្រាម និង ៤៩៤ ក្រាម ថ្លឹងទាំងសំបក)។
ព្រមទាំងឧបករណ៍សម្រាប់ជក់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច