ខេត្តស្វាយរៀង៖ សមត្ថកិច្ចខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ ចំនួន ២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២២នាក់ ពាក់ព័ន្ធ Online Scam នៅក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាល នៃគណៈអភិបាលក្រុង ចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាលចំហ ចំនួន ២ទីតាំង ស្ថិតនៅភូមិបាវិតលើ និងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមាសភាពចូលរួមរួមមាន៖ លោកស្នងការរងនគរបាលខេត្ត, លោកនាយផ្នែកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, លោកអភិបាលរងក្រុង, លោកអធិការនគរបាលក្រុងបាវិត, លោកអធិការរងក្រុង, លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុង។
ជាលទ្ធផល ក្រុមការងាររកឃើញជនបរទេសស្នាក់នៅចំនួន ២៤នាក់ (ស្រី ១នាក់) មាន ២សញ្ជាតិ រួមមាន៖ ជនជាតិវៀតណាម ចំនួន ២នាក់ (ស្រី ១នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ) និងជនជាតិចិន ចំនួន ២២នាក់ (ប្រុសទាំងអស់ ដោយមានលិខិតឆ្លងដែនចំនួន ៤ក្បាល)។
ទីតាំងទី១៖ ម្ចាស់ផ្ទះឈ្មោះ ឥន សារ៉ុម ភេទស្រី ជនជាតិខ្មែរ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ទីតាំងនេះមានជនបរទេសស្នាក់នៅចំនួន ២នាក់ (ស្រី ១នាក់) សញ្ជាតិវៀតណាម ហើយមិនមានពាក់ព័ន្ធនឹង Online Scam ឡើយ។
ទីតាំងទី២៖ ដីជួលឈ្មោះ ខ្វាន់ សុពណ៌សំរេច ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រុមការងារពិនិត្យរកឃើញជនបរទេសស្នាក់នៅចំនួន ២២នាក់ (ប្រុស) សញ្ជាតិចិន ព្រមទាំងវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចម្រុះ, ទូរស័ព្ទដៃផ្ទាល់ខ្លួន, រថយន្ត ០១គ្រឿង និងលិខិតឆ្លងដែន។ ទីតាំងនេះមានពាក់ព័ន្ធនឹងបទល្មើស Online Scam។
បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានកម្លាំងចម្រុះសម្រេចបិទជាបណ្តោះអាសន្ន ដោយមានការឯកភាពគ្នា ហើយបានបញ្ជូនជនសង្ស័យជាជនជាតិចិនទាំង ២២នាក់ (ប្រុស) ព្រមទាំងសម្ភារអេឡិចត្រូនិចដែលដកហូតបាន ទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្ត ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច