ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលជិះម៉ូតូម្នាក់ឯងបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក បត់ឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យបោកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចជួយអន្តរាគមន៍វាស់វែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ត្រង់ចំណុចភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ស៊ុយស៊ុយគីឡេត (Let’s) ពណ៌សលាយខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ 1E-2635 អ្នកបើកបរឈ្មោះ ឡៃ ផាន់ណា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ពីទិសខាងលិចទៅទិសខាងកើត។ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងម៉ាកហុងដា វ៉េវ ពណ៌ ប្រផេះលាយក្រហម គ្មានផ្លាកលេខអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានរត់គេចខ្លួនក្រោយពេលកើត ហេតុរួច) ដែលកំពុងបើកបរមកពីទិសខាងកើតទៅទិសខាងលិចបញ្ច្រាសទិសគ្នារួចបត់ឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹងបណ្ដាលឲ្យ អ្នកបើកបរម៉ូតូបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
នគរបាលស្រុកសំរោងទង បានបន្តឱ្យដឹងទៀតថា ក្រោយកើតហេតុនគរបាលបានចុះធ្វើការវាស់វែង ហើយសពបុរសខាងលើត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមធ្យោបាយខូចខាតម៉ូតូចំនួន១គ្រឿងកំរិតស្រាល និងខូចខាតម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងកំរិតស្រាលដូចគ្នា។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយកើត ហេតុវត្ថុតាងត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងគង រង់ចាំធ្វើការដោះស្រាយ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច