ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យដ៏ធំមួយនៅស្រុកពាមរក៍បណ្ដាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៥ ខ្នង

ចែករំលែក៖

ខេត្តព្រៃវែង៖ ទទួលបានសេចក្ដីរាយការណ៍ពីលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ នៅវេលាម៉ោង ១២និង០៥ នាទីរសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦ ថាមានករណីអគ្គិភ័យមួយនៅស្រុកពាមរក៍លោកសួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជា ការឯកភាពខេត្ត លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ចុះអន្តរាគមន៍ជួយពន្លត់ករណីអគ្គិភ័យដ៏ធំមួយនៅត្រង់ចំណុចភូមិ លេខ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ដោយអគ្គីភ័យនេះបានឆាបឆេះផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៥ ខ្នង ឆេះខូចខាតទាំងស្រុងចំនួន ១ ខ្នង ឯចំណែកផ្ទះ ០៤ខ្នងទៀតខូចខាត៧០% . ៨០%. ៣០% និង ២០% រោលខ្លោចដោយសារផ្សែងអណ្ដាតភ្លើង ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់បទបញ្ជាដល់លោកអធិការនគរបាលក្រុង- ស្រុកទាំង១៣ បញ្ជូនកម្លាំងមកជួយអន្តរាគមន៍ពន្លត់ជាបន្ទាន់ ជាពិសេសរថយន្តពន្លត់អគ្គិភ័យតាមបណ្ដាអធិការរដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ក៏បានចេញមកអន្តរាគមន៍ ជួយព្រមៗគ្នាហើយក៏ទទួលបានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការរដ្ឋាន

នគរបាលស្រុកលើកដែក និងស្រុកកៀនស្វាយ ខេត្តកណ្ដាល និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតនោះផងដែរ ។

គួរបញ្ជាក់ថា ករណីអគ្គិភ័យខាងលើគឺបណ្ដាលមកពីទូសេខ្សែភ្លើងដោយម្ចាស់ផ្ទះមានមុខរបរជាអ្នកលក់ និងបញ្ចូលធុងហ្គាស ជាលទ្ធផលសមត្ថកិច្ចយើង ក៏បានជួយពន្លត់គ្រប់គ្រងករណីអគ្គិភ័យនេះបាន ១០០% ដោយពុំមានប្រជាពលរដ្ឋណាមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយគ្រាន់តែកម្លាំងនគរបាលយើងរងរបួសពុលផ្សែងភ្លើងតែប៉ុណ្ណោះ ។

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់កម្លាំងកាយចិត្ត មនសិកា ឆន្ទៈ ដ៏មោះមុតរបស់កងកម្លាំងនគរបាលខេត្តព្រៃវែង ព្រមទាំងប្រជាការពារ ប្រជាពលរដ្ឋទាំងអស់ដែលបានខ្នះខ្នែងជួយអន្តរាគមន៍ និងពន្លត់បានទាន់ពេលវេលា ៕


ចែករំលែក៖