ខេត្តព្រះសីហនុ ៖ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញានៃ អយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ល្បាតឆ្មក់ក្នុងភូមិសាស្រ្តស្មុគស្មាញ ស្ថិត នៅចំណុចក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ១០៤នាក់ (ស្រី០១នាក់) ។
សូមបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការនេះធ្វើឡើងចាប់ពីម៉ោង០១និង០០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦ រហូតដល់ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដោយបញ្ជូនអ្នកប្រើប្រាស់គ្រឿង ញៀន ចំនួន ៩៥នាក់ (ស្រី០១នាក់) ទៅមណ្ឌលស្តារនីតិសម្បទា និងកែប្រែ, ជនជាតិឥណ្ឌូនេស៊ី ០៣នាក់ បន្តនីតិវិធីបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ និង៦នាក់ជនជាតិខ្មែរ បន្តនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់ ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសាធារណជនទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ។ ប្រសិនបើបានឃើញ ឬមានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ឬបទល្មើសផ្សេងៗ សូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ច ។ រាល់ព័ត៌មានដែលប្រជាពលរដ្ឋផ្តល់ជូន នឹងត្រូវបានយកមកពិនិត្យ និងចាត់វិធានការតាមនីតិវិធី ។
លេខទូរស័ព្ទសម្រាប់រាយការណ៍បន្ទាន់ ៖
● 097 778 0008 — ភាសាខ្មែរ
● 011 526 677 — English
● 011 506 677 — 中文
● 011 516 677 — 中文
● 011 822 009 — អគ្គិភ័យ
● 097 778 0093 — អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ
សូមចូលរួមទាំងអស់គ្នា ដើម្បីខេត្តព្រះសីហនុមានសន្តិសុខ សណ្តាប់ធ្នាប់ និងគ្មានគ្រឿងញៀន ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច