ខេត្តស្វាយរៀង៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះឃាត់ចាប់រថយន្ត ដឹកសត្វជ្រូក អត់ច្បាប់២គ្រឿង សរុប៥២ក្បាលដែល នាំចូលមកពីប្រទេសវៀតណាម តាមច្រករបៀង។
យោងតាមមន្ត្រី ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀងបានអោយដឹងថា
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះឃាត់ចាប់រថយន្ត ២គ្រឿង ។
ប្រភពបន្តថា នៅវេលាម៉ោង៩និង១៥នាទី យប់ ក្រុមការងារបានឃាត់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកសត្វជ្រូករស់ចំនួន ២៤ក្បាល(ជ្រូកទម្ងន់ពី៨០ទៅ១០០គីឡូក្រាម) ឃាត់នៅលើផ្លូវលំ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។
និង នៅវេលាម៉ោង១០ និង៣៥នាទីយប់ ក្រុមការងារបានឃាត់រថយន្ត១គ្រឿងទៀត ម៉ាកSSANGYONG ISTANA ដឹកសត្វជ្រូករស់ចំនួន ២៨ក្បាល(ជ្រូកទម្ងន់ពី៨០ទៅ១០០គីឡូក្រាម) ឃាត់នៅលើផ្លូវលំ ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
រថយន្តទាំង២គ្រឿង ខាងលើបានដឹកសត្វជ្រូកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុករមាសហែក ខេត្តស្វាយរៀង ឆ្ពោះមកលក់ចែកចាយនៅខេត្តស្វាយរៀងផ្ទាល់ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
មន្ត្រី ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀងបានបន្ថែមថា ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីអនុវត្តន៍តាមច្បាប់ផងដែរ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច