ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ១ គ្រួសារ នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង និងសហការី នាថ្ងៃ ទី ២៨ ខែ សីហា ឆ្នាំ ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ១ គ្រួសារ ដែលរងគ្រោះកាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៦ របស់ឈ្មោះ ជ័យ សាភាព នៅភូមិត្រពាំងបន្ទាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក បណ្តាលឱ្យផ្ទះខូចខាតទាំងស្រុង រួមនឹងសម្ភារៈប្រើប្រាស់ មូលហេតុមកពីទុសេខ្សែភ្លើង ពេលម្ចាស់ផ្ទះមិននៅ ។

ក្នុងឱកាសនោះលោកស្រី ដួង វណ្ណា បាននាំមកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។

ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។

លោកស្រីក៍បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៏ ពណ៌សប្បុរ ពោលគឺទីណាមានការលំបាកទីនោះមានវត្តមានកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច ជាក់ស្តែងអំណោយដែលយកមកផ្តល់ជូននាពេលនេះគឺបានមកពីការបរិច្ចាករបស់សប្បុរសជននានា ថ្វីត្បិតតែមិនសាកសមទៅនឹងអ្វីដែលបងប្អូនបាត់បង់ពិតមែន តែក៏អាចជួយដោះស្រាយបងប្អូនបានមួយរយៈពេលខ្លីផងដែរ ។

លោកស្រី បានផ្តាំផ្ញើរ សូមបងប្អូនត្រូវមានការប្រុងប្រយត័្នខ្ពស់ទោះលើការប្រើប្រាស់ភ្លើងទាន ធូប ចង្ក្រាន និងភ្លើងអគ្គិសនី ដែលជាប្រភពអាច បណ្តាលឲ្យឆាបឆេះគ្រប់ពេលវេលាបើសិនជាយើងមិនបានត្រួតពិនិត្យ ហើយត្រូវត្រៀមបម្រុងទឹកទុកក្នុងពាង អោយជាប់ជាប្រចាំងាយស្រួលពេលមានបញ្ហាអ្វីអាយជួយសង្គ្រោះបានទាន់ពេលវេលា ។

ជាពិសេសចំពោះបងប្អូនដែលប្រើប្រាស់ ផ្ទាំងសូឡា ត្រូវមានការប្រុងប្រយ័ត្ន ឧស្សាហ៍ត្រួតពិនិត្យ ហើយនៅពេលតបណ្តាញអគ្គិសនីត្រូវរកជាងដែលមានជំនាញបច្ចេកទេសត្រឹមត្រូវ ជៀសវាងមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូននាពេលនេះរួមមាន៖ អង្ករ ៥០ គីឡូក្រាម មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កៅស៊ូតង់ ១ ធុងទឹកជ័រ ១ កន្ទេលជ័រ ១ ឆ្នាំងបាយ-សម្ល ២ មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា សាខា ១ លានរៀល សម្តេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ១ លានរៀល ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រខេត្តកំពង់ធំ ៨០ ម៉ឺនរៀល ព្រះសង្ឃ អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋ និងសប្បុរសជន ក៍បានចូលរួមថវិកា រួមនឹងសម្ភារមួយចំនួនជាបន្តបន្ទាប់ផងដែរ ៕


ចែករំលែក៖