ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូពីជនមានសតិមិនល្អ

ចែករំលែក៖

ខេត្តតាកែវ៖ សមត្ថកិច្ចនគរបាលស្រុកបាទីបានឃាត់ខ្លួនសង្ស័យម្នាក់ករណីលួចម៉ូតូពីជនមានសតិមិនសូវល្អ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកបាទីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមច្បាប់។

នគរបាលរំលឹកថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣០នាទី ឈ្មោះ វ៉ាន់ និញ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងឫស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ(ជាមនុស្សមានជម្ងឺវិបល្លាសស្មារតី) បានជិះម៉ូតូចំនួន០១គ្រឿងហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១AW-៩៣៣៧ មានលេខតួនិងលេខម៉ាស៊ីនៈ៨៥៤២១៦៧ របស់ឈ្មោះ ដឹក ទិត្យ ភេទប្រុស អាយុ៧៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងឫស្សី ឃុំសូរភី ស្រកបាទី ខេត្តតាកែវ(ត្រូវជាឪពុកបង្កើត)ចេញពីផ្ទះបាត់មិនដឹងទៅទីណាទេ។

លុះរហូតដល់វេលាម៉ោង១១និង៣០នាទី ក៏ស្រាប់តែឈ្មោះ វ៉ាន់ និញ បានដើរត្រឡប់មកផ្ទះវិញមិនដឹងជាវង្វេងវង្វាន់ស្មារតីទុកម៉ូតូរបស់ឪពុកចោលនៅកន្លែងណាទេ។ ភ្លាមនោះឈ្មោះ ដឹក ទិត្យ បានព្យាយាមស្វែងរកម៉ូតូរបស់ខ្លួនប៉ុន្តែរកពុំឃើញទាល់តែសោះ មិនដឹងជាកូនរបស់ខ្លួនជិះម៉ូតូយកទៅទុកនៅឯណានោះទេ ។

រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២២ និង០០នាទីក៏ស្រាប់តែឈ្មោះ ដឹក ទិត្យ បានឃើញភិនភាគម៉ូតូរបស់ខ្លួនដែលត្រូវបានបាត់នោះកំពុងតែនៅនឹងឈ្មោះ គយ វាសនា ហៅស្នា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច) កំពុងតែជិះប្រើប្រាស់ជាក់ស្តែងដោយគ្រាន់តែផ្លាស់ប្តូររូបរាងតែប៉ុណ្ណោះ(ដោះក្បាំង&ខោអាវ , ប្តូរតែមទៅជាសេរីឆ្នាំ២០១៤ និងដោះស្លាកលេខ)។ បន្ទាប់មកឈ្មោះ ដឹក ទិត្យ ក៏បានមកប្តឹងរាយការណ៍ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភីតែម្តង ។

ក្រោយពេលទទួលពាក្យបណ្តឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានសហការអញ្ជើញជនសង្ស័យឈ្មោះ គយ វាសនា មកសាកសួរនិងបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូដែលមានភិនភាគខាងលើយកមកទុកជិះប្រើប្រាស់ពិតប្រាកដមែន ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ , សម្របសម្រួលនីតិវិធីពីលោក ឡុង សិកា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃខែឆ្នាំ ដដែល វេលាម៉ោង០៩និង៣០នាទី នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ គយ វាសនា ភេទប្រុស អាយុ៣០ឆ្នាំ និងដកហូតវត្ថុតាងម៉ូតូចំនួន០១គ្រឿងហុងដាឌ្រីមសេ ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួនិងលេខម៉ាស៊ីនៈ៨៥៤២១៦៧(របស់ជនរងគ្រោះ) យកមកអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវីធី ។

ដោយមានបញ្ជាពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានអនុញ្ញាតឱ្យកម្លាំងនគរបាលយុត្តិធម៌ស្រុកបាទីប្រគល់នូវវត្ថុតាងចាប់យកម៉ូតូចំនួន០១គ្រឿងភិនភាគខាងលើឱ្យទៅជនរងគ្រោះយកទៅប្រើប្រាស់វិញតាមតម្រូវការ ៕


ចែករំលែក៖