ភ្នំពេញ៖ រថយន្ត Prius មួយគ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករ៉ឺម៉កមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យមនុស្សប្រុស-ស្រី ២នាក់ រងរបួសធ្ងន់ និងស្រាល។ ជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់ ៧១១ នៃកងពលតូចលេខ៧០ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ២:៥៨នាទី រំលងអធ្រាត្រ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
អត្តសញ្ញាណជនរងគ្រោះរួមមាន៖
១. ឈ្មោះ ផែន ដារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសបាក់ដៃ បាក់ជើង និងប៉ះពាល់ឆ្អឹងត្រគាក (ភាគីខាងរ៉ឺម៉ក) មានអាសយដ្ឋាននៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
២. ឈ្មោះ គីន ស្រីនាង ភេទស្រី អាយុ ២៩ឆ្នាំ រងរបួសបែកចិញ្ចើមខាងស្តាំ (ភាគីខាងម៉ូតូ) មានអាសយដ្ឋាននៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-8224 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតទៅបុករ៉ឺម៉ក និងម៉ូតូពេញទំហឹងតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះទាំង ២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់អង្គភាព ៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។ ចំណែកឯមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែង និងស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច