ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងផ្សារទំនើបស៊ីធីម៉ល (City Mall) យ៉ាងម៉ឺងម៉ាត់ ៖បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានការបង្កប់ល្បែងស៊ីសងនៅក្នុងទីតាំងនោះ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចទីតាំងផ្សារទំនើបស៊ីធីម៉ល ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ភូមិ០១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យជាក់ស្តែងនោះ កម្លាំងសមត្ថកិច្ច មិនបានរកឃើញមានបទល្មើសល្បែងស៊ីសងខុសច្បាប់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានធ្វើការអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច ដោយហាមដាច់ខាតមិនឱ្យមានការបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ, បទល្មើសខុសច្បាប់ផ្សេងៗ, ការជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀនជាដើម។
អាជ្ញាធរបានបញ្ជាក់ថា ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមកិច្ចសន្យា ឬបណ្តែតបណ្តោយឱ្យមានបទល្មើសកើតឡើង អាជ្ញាធរនឹងចាត់វិធានការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយ៕

ដោយ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច