ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាក យ៉ុងហេ បានកែទម្រង់គណៈរដ្ឋមន្ត្រី ដោយក្នុងនោះបានផ្លាស់ប្តូរតំណែងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច និងរដ្ឋមន្ត្រីទទួលបន្ទុក សន្តិសុខសុវត្ថិភាពពលរដ្ឋ ។
នៅថ្ងៃទី២ ខែវិច្ឆិកា ការិយាល័យវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ប្រធានាធិបតី ផាក យ៉ុងហេ បានរុះរើគណៈរដ្ឋមន្ត្រី ដោយផ្លាស់ប្តូរតំណែងនាយករដ្ឋមន្ត្រីផងដែរ ។
ការកែទម្រង់លើកនេះ កើតឡើងចំពេលដែលស្ថានភាពនយោបាយនៅក្នុងប្រទេសធ្លាក់ក្នុងសភាពច្របូកច្របល់ ដោយសារតែមិត្តភក្តិយូរឆ្នាំរបស់លោកស្រីប្រធានាធិបតី គឺលោកស្រី Choi Soon Sil ។
នៅក្នុងការកែទម្រង់ នោះ លោក Kim ByongJoon ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីថ្មី ។ លោកគីម ធ្លាប់ជាអគ្គលេខាធិការរបស់អតីតប្រធានាធិបតី Roh Moo Hyun ។ ក្រៅពីនេះ លោក Yim Jong yong ប្រធានគណៈកម្មធិការសេវាកម្មហិរញ្ញវត្ថុត្រូវបានតែងតាំងធ្វើជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកហិរញ្ញវត្ថុ ។
ក្រៅពីនេះ នៅមានការផ្លាស់ប្តូរតំណែងជាច្រើនផ្សេងទៀត។
ប្រធានាធិបតី ផាក យ៉ុងហេ កំពុងប្រឈមនឹងរឿងអាស្រូវ ពីសុន្តរកថា និងឯកសាមួយចំនួនទៅឲ្យលោកស្រី Choi ដែលជាមិត្តភក្តិជាង៤០ឆ្នាំត្រួតពិនិត្យ ។ លោកស្រី Choi រងការមន្ទិលសង្ស័យថា បានប្រើប្រាស់ទំនាក់ទំនងដ៏ល្អនោះជ្រៀតជ្រែកចូលកិច្ចការប្រទេសជាតិ ក្នុងនោះមានបញ្ហាហិរញ្ញវត្ថុ ដែលជាចំណុចរសើបបំផុត ។
លោកស្រី Choi ក៏ត្រូវបានឃាត់ខ្លួនសួរនាំ លើបញ្ហាខាងលើផងដែរ។ ប្រធានាធិបតីផាក យ៉ុងហេ កំពុងតែកាន់តំណែង ឆ្នាំទី៤ក្នុងមួយអាណ្ណាត្តិ៥ឆ្នាំ ។
វិបត្តិនយោបាយខាងលើបានគំរាមកំហែងដល់ការកែទម្រង់នយោបាយ ក្នុងរយៈពេលចុងក្រោយនេះ។ គណបក្សកាន់អំណាច ព្រមទាំងក្រុមប្រឆាំងបានស្នើឲ្យបង្កើតរដ្ឋាភិបាលជម្រុះ ៕ ម៉ែវ សាធី