ភ្នំពេញ៖ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័ យម្នាក់ជាក់ស្តែង ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស )កើតហេតុកាលពីវេលាម៉ោងប្រហែល ២០និង១០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្រោមស្ពានអាកាស៥មករា (ផ្លូវក្រោមដី ) ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ វឿន វ៉ាន់ដា ហៅ ដា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ផ្ទះជួល ពុំចាំលេខ ផ្លូវលេខ ៣២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ មានទីលំនៅដើម និងស្រុកកំណើត ភូមិព្រែក ក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល ។ ចំណែកឯជនរងគ្រោះឈ្មោះ យិន រីណា ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនហ្វីដេស ស្នាក់នៅផ្ទះលេខ៣២១ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (រងរបួសរលាត់ ស្បែកជង្គង់ខាងស្តាំ និងដើមដៃខាងស្តាំ ) ។ សំភារ:បាត់បង់ ៖ កាបូបស្ពាយពណ៌ខ្មៅមួយ ក្នុងកាបូបមានទូរស័ព្ទ០២ គ្រឿងម៉ាក I phone 6 ពណ៌មាស និងម៉ាក Nokia ចុចពិល ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរង គ្រោះបានជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ភ្នំពេញ 1AQ-3970 តែម្នាក់ឯង ដោយមានស្ពាយកាបូបចំហៀងខាង ឆ្វេង ភ្លាមនោះជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បានជិះម៉ូតូទៅគៀរម៉ូតូជនរងគ្រោះខាងស្តាំ ទើប បក្សពួក១នាក់ទៀត ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី២០១៧ គ្មានស្លាកលេខ ទៅអែបទន្ទឹម ខាងឆ្វេងចាប់ទាញយកកាបូបពីជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់ ចំណែកម៉ូតូ ជនរងគ្រោះបានរេទៅទាក់ដៃម៉ូតូជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បណ្តាលឱ្យដួលទាំងអស់គ្នា ភ្លាមនោះជនរងគ្រោះបានស្រែកចោរៗ ទើបមានការអន្តរាគមន៍ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បានជាក់ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕ ស ដារ៉ា