ភ្នំពេញ ៖ ប្រជាពលរដ្ឋនាំគ្នាដេញចាប់ជនសង្ស័យម្នាក់ ករណីលួចម៉ូតូរត់បានជាង២ម៉ែត្រ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា កាលពីវេលាម៉ោង១៥ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២៨៤ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ សូ វីរៈ ហៅអាសាំកូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះ ឈ្មោះ ឃិត រតនះ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម៦ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានទុកម៉ូតូ១គ្រឿង ម៉ាកគុបជ្រុង C90 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភព ១.៩៥៨២ នៅក្នុងបរិវេណផ្ទះជួល ហើយក៏ឡើងទៅហូបបាយ មួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យបានដើរចូលមកហើយធ្វើសកម្មភាពលួចយកម៉ូតូអូសចេញបានប្រហែលជា២ម៉ែត្រ ក៏មានប្រជាពលរដ្ឋឃើញទាន់ បានស្រែកថា ចោរៗពេលនោះហើយនាំគ្នាដេញចាប់ជនសង្ស័យបានស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់ ៕ តុង សីហា