ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ដើម្បីរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន» ឱ្យប្រព្រឹត្តទៅដោយរលូន និងកុះករ។
ខ្លឹមសារសំខាន់ៗនៃសេចក្តីណែនាំ រួមមាន៖
អាជ្ញាធរមូលដ្ឋាន ស្ថាប័ន និងវិស័យឯកជន៖ (ខណ្ឌទាំង១៤, សង្កាត់ទាំង១០៥, មន្ទីរ, គ្រឹះស្ថានសិក្សា, រោងចក្រ, ក្រុមហ៊ុន និងផ្សារ) ត្រូវរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក និងដាក់ភ្លើងពណ៌។ ព្រមទាំងណែនាំប្រជាពលរដ្ឋឱ្យដោតទង់ជាតិនៅតាមគេហដ្ឋានឱ្យមានរបៀបរៀបរយ ដោយចៀសវាងប្រើប្រាស់ទង់រហែក ឬស្លក់ពណ៌។
មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ៖ ផ្សព្វផ្សាយសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដល់គ្រូបង្រៀន និងសិស្ស-និស្សិត។ បំផុសចលនាអាណាព្យាបាលឱ្យបញ្ជូនកូនចៅទៅរៀន សំដៅឱ្យមនុស្សគ្រប់រូបចេះអាន សរសេរ គិតលេខ និងដោះស្រាយបញ្ហាក្នុងជីវភាព ព្រមទាំងផលិតសៀវភៅ បណ្ណផ្នត់ បដា ផ្ទាំងរូបភាព និងអាវយឺតពាក្យស្លោក ដើម្បីផ្សព្វផ្សាយ និងជំរុញការងារអប់រំក្រៅប្រព័ន្ធ។
មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ៖ ណែនាំគ្រប់វត្តអារាមឱ្យរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងភ្លើងពណ៌។ បំផុសចលនាព្រះសង្ឃ និងបព្វជិត ឱ្យចូលរួមអបអរសាទរ និងលើកកម្ពស់សីលធម៌រស់នៅ តាមរយៈការសម្តែងធម៌ទេសនា៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច