ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានផ្ដល់ការលើកទឹកចិត្តឱ្យគ្រួសារជនភៀសសឹកដែលកំពុងស្នាក់នៅភូមិរង់ចាំបន្ដដាំបន្លែបង្ការដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានយូរអង្វែង មិនចាំបាច់តែចាំទទួលអំណោយពីសប្បុរជនខាងក្រៅទើបបានរស់ស្រួលនោះឡើយ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្ដល់ការលើកទឹកចិត្ដបែបនេះខណៈសម្ដេចអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពរស់នៅនិងផ្ដល់ការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបាននិងកំពុងស្នាក់នៅទីនោះ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវក្តីរំភើបនិងសរសើរចំពោះស្មារតីតស៊ូរបស់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលបានខិតខំរៀបចំផ្ទះសម្បែងឱ្យមានរបៀបរៀបរយ និងដាំដុះដំណាំផ្សេងៗជុំវិញខ្នងផ្ទះ បង្កើតបានជាសោភ័ណភាពយ៉ាងស្រស់ស្អាត ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់របស់រដ្ឋបាលខេត្ត។ បន្ថែមពីនេះ បងប្អូនប្រជាពលរដ្ឋក៏បានប្រកបមុខរបរលក់ដូរតូចតាចតាមខ្នងផ្ទះ ដើម្បីបង្កើតប្រភពចំណូល និងទ្រទ្រង់ជីវភាពគ្រួសារក្នុងគ្រាលំបាកនេះផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋភៀសសឹកមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រោះថា រាជរដ្ឋាភិបាលតែងតែនៅក្បែរប្រជាពលរដ្ឋជានិច្ច និងខិតខំបន្តដោះស្រាយរាល់ការលំបាក និងតម្រូវការចាំបាច់នានាជូនបងប្អូនឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋសរុបចំនួន៣,៣១៨គ្រួសារ ដែលត្រូវស្នាក់នៅផ្ទះបណ្តោះអាសន្ន។ ប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅមានចំនួន២,៨០៥ គ្រួសារកំពុងស្នាក់នៅក្នុងផ្ទះបណ្តោះ អាសន្ន៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច