កីឡាករ NFL លោក Travis Kelce ដែលជាគូស្នេហ៍របស់តារាចម្រៀង Taylor Swift បានទិញវីឡាប្រណីតមួយនៅរដ្ឋ Ohio ក្នុងតម្លៃ ៥,៣៥ លានដុល្លារអាមេរិក។
យោងតាមសារព័ត៌មាន The Wall Street Journal លោក Kelce ទំនងជាបានទិញវីឡានេះកាលពីខែមីនា។ វីឡានេះស្ថិតនៅលើផ្ទៃដីជាង ២១,០០០ ម៉ែត្រការ៉េ តាមបណ្តោយបឹង Erie ក្នុងភូមិ Bratenahl ដែលជាតំបន់មានជីវភាពខ្ពស់របស់រដ្ឋ Ohio។ អចលនទ្រព្យនេះបានបញ្ចូលគ្នារវាងស្ថាបត្យកម្មបែបប្រវត្តិសាស្ត្រ និងការរចនាទំនើបយ៉ាងល្អប្រណិត។
ផ្ទះដែលសាងសង់តាំងពីឆ្នាំ ១៨៩៥ មានបន្ទប់គេង ៨ និងបន្ទប់ទឹក ១១។ យោងតាម TMZ វីឡានេះទើបតែឆ្លងកាត់ការជួសជុលរយៈពេលមួយឆ្នាំ ដោយស្ទើរតែគ្រប់ផ្នែកទាំងអស់ត្រូវបានជួសជុល ស្តារឡើងវិញ ឬផ្លាស់ប្តូរ រួមមានទ្វារដើមរបស់ផ្ទះ ក្បាច់ឈើ Walnut និង Oak ព្រមទាំងចង្ក្រានភ្លើងជាច្រើន។
តំបន់កម្សាន្តមាននៅជាន់ទី៣ និងជាន់ក្រោមផ្ទះ ដែលរួមមានបន្ទប់លេងហ្គេម និងបន្ទប់រោងកុនផ្ទាល់ខ្លួន (Home Theater)។ ជាន់ក្រោមក៏មានបន្ទប់ប៊ីយ៉ា, បន្ទប់លេង Poker, បារ, បន្ទប់រក្សាទុកស្រាដែលគ្រប់គ្រងសីតុតុណ្ហភាព និងកន្លែងសម្រាប់ភ្លក្សស្រា ព្រមទាំងកន្លែងហាត់ប្រាណ និងសូណា។
នៅខាងក្រៅផ្ទះ មានរាបស្មើធ្វើពីថ្មដែលតភ្ជាប់ទៅនឹងវាលស្មៅធំទូលាយ និងអាងហែលទឹកកំដៅ។
បច្ចុប្បន្ន Travis Kelce ក៏មានវីឡាមួយទៀតតម្លៃប្រហែល ៦ លានដុល្លារ នៅទីក្រុង Leawood រដ្ឋ Kansas ដែលលោកបានទិញនៅចុងឆ្នាំ ២០២៣។ ផ្ទះនេះមានកន្លែងលេងហ្គោលក្នុងផ្ទះនៅក្រោមដី (Underground Golf Simulator)។
អ្នកទាំងពីរមានអាយុ ៣៦-៣៧ ឆ្នាំ ហើយបានទាក់ទងគ្នាតាំងពីឆ្នាំ ២០២៣។ ពួកគេតែងតែគាំទ្រគ្នាទៅវិញទៅមកនៅពេលការប្រកួតកីឡា និងការប្រគំតន្ត្រី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច