ព័ត៌មានទាន់ហេតុការណ៍៖

សួង សុខារ៉ានីត ហ្វឹកហាក់ជំនាញថ្មីត្រៀមយកការងារក្រៅស្រុក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីផ្អែម កញ្ញា សួង សុខារ៉ានីត កាន់តែលេចមុខមាត់ក្នុងការងារសិល្បៈ ពិសេសផ្នែកសម្តែងជាមួយនឹងស្នាដៃសម្តែងខ្សែភាពយន្តជាបន្តបន្ទាប់ ។ ក្រៅពីការងារសម្តែង នាងគ្រោងនឹងហ្វឹកហាត់ការងារជាពិធីការិនី និងច្រៀងបន្ថែមទៀត ដើម្បីក្រសោបការងារក្នុងនិងក្រៅស្រុកមួយចំនួន ។

សួង សុខារ៉ានីត ទើបនឹងបង្កើតឲ្យមានការភ្ញាក់ផ្អើលកាលពីថ្មីៗនេះ ជាមួយនឹងដំណឹងទិញផ្ទះ និងដូរឡានថ្មី ស្របដែលការងារសិល្បៈនាងរីកចម្រើនជាងឆ្នាំកន្លងទៅ ។

តារាស្រីរូបនេះលើកឡើងថា ឆ្នាំនេះនាងបានចូលរួមសម្តែងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់ បើទោះបីជានាងមិនទទួលបានតំណែងជាតួឯកក្តី ។ នាងថា ខ្សែភាពយន្តភាគច្រើននាងបានសម្តែងជាតួកាច តួបងស្រីនិងតួម្តាយ ប៉ុន្តែសុទ្ធតែជាខ្សែភាពយន្តលេចធ្លោរនិងទទួលបានការសរសើរច្រើនពីទស្សនិកជន ។

តារាស្រីវ័យ២៧ឆ្នាំរូបនេះបញ្ជាក់ថា នាងទើបនឹងបញ្ចប់ការថតខ្សែភាពយន្តរឿងភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥រឿង”ហង្សបាក់ស្លាប” ហើយកំពុងបន្តថតខ្សែភាពយន្តភាគថ្មីមួយទៀត គឺរឿង«ភក្តីស្នេហ៍ទ្វេភព» ។

តារាស្រីរូបនេះ នៅតែមានបំណងពង្រីកការងារសិល្បៈថ្មីរបស់ខ្លួនគឺការងារជាពិធីការិនី និងការច្រៀង បើទោះបីជាស្នាដៃសម្តែងរបស់នាងដើរទៅមុខលឿនក្តី។ នាងបន្តថា ដោយសារមានការណែនាំ ពីសិល្បករជើងចាស់មិត្តរួមអាជីព និងអ្នកផលិតកម្មវិធីមួយចំនួន នាងនឹងហ្វឹកហាត់ការងារថ្មីខាងលើនៅពេលឆាប់ៗខាងមុខនេះ។ នាងថា ពេលទំនេរមកដល់នាងនឹងធ្វើការហ្វឹកហាត់ភ្លាមព្រោះតែនាងចង់ចេញទៅសម្តែងនៅក្រៅស្រុកតាមការរៀបចំរបស់អ្នកផលិតកម្មវិធី។ នាងថា តាមការធ្វើការសាកល្បង សំឡេងរបស់នាងទទួលបានការវាយតម្លៃថាអាចច្រៀងបានបើទោះបីជាមិនដូចអ្នកចម្រៀងអាជីពក្តី។ នាងថា ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក និងក្លាយជាគោលដៅមុនគេដែលនាងគ្រោងនឹងចេញទៅសម្តែង ទើបនឹងសម្រេចចិត្តដាក់ចិត្តកាយហ្វឹកហាត់ជាមួយនឹងសិល្បករជើងចាស់ដែលមានជំនាញស្រាប់។

នាងថាការចាប់ការងារថ្មីនេះ ក៏នឹងអាចបំពេញតម្រូវការសម្រាប់អ្នកផលិតកម្មវិធី នៅក្នុងស្រុក ដែលជាញឹកញាប់ពួកគាត់ស្នើឲ្យនាងឡើងច្រៀងក្នុងកម្មវិធីកម្សាន្តរបស់ទូរទ្សន៍នានា ។

ចំពោះរឿងរ៉ាវស្នេហាវិញតារាស្រីរូបនេះ បញ្ជាក់ថា នាងនៅមិនទាន់មានបុរសណាក្នុងចិត្តនៅឡើយ ហើយនាងក៏មិនទាន់ចាប់អារម្មណ៍ខ្លាំងនឹងរឿងរ៉ាវស្នេហាដែរព្រោះតែចង់ចំណាយពេលគិតឲ្យបានច្រើនជាមួយការងារសិល្បៈ ។ ទោះជាយ៉ាងណានាងថាបុរសដែលនាងចង់បានមានលក្ខខណ្ឌច្រើនគឺសង្ហារ ចិត្តទូលាយ មានទ្រព្យធនសមរម្យនិងមានទំនួលខុសត្រូវចំពោះក្រុមគ្រួសារ ។ អ្វីដែលនាងរំពឹង គឺការងារសិល្បៈជោគជ័យមុនពេលស្នេហាមកដល់ ៕ វឌ្ឍនា
as-8 as-7 as-6 as-5 as-4 as-3 as-2 as-1 as as-10


ចែករំលែក៖