ខេត្តកោះកុង៖ កាលពីព្រឹកថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៦ រ៉ឺម៉កដឹកទឹកសុទ្ធ១គ្រឿង ត្រូវបានមន្ត្រីគយឃាត់បន្ទាប់ពីមិនព្រម បង់លុយឲ្យខាងគយច្រកទ្វារអន្តរជាតិ ចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
លោក ថៃ សឿន អាយុ៥១ឆ្នាំ មុខរបរជាកម្មករអូសរទេះបានថ្លែងឲ្យដឹងថា ការ ឃាត់រទេះដឹកទំនិញរបស់លោកដែលមានត្រឹមតែទឹកសុទ្ធ២០យួរប៉ុណ្ណោះគឺដោយសារខាងមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិចាំយាមខឹងលោកទៅតវ៉ារឿងដែលពួកគេចោទប្រកាន់លោកថា បានដឹកទំនិញ២-៣ ជើងមិនបង់លុយឲ្យគេ។ ប៉ុន្តែក្នុងថ្ងៃនេះលោកមិនបានដឹកទំនិញអ្វីទេហើយក្រោយ ការតវ៉ាលោកក៏បានចេញទៅទឹកដីថៃដឹកទឹកសុទ្ធ២០យួរចូលមកស្រុកខ្មែរវិញក៏ត្រូវសមត្ថកិច្ចគយឃាត់រទេះរបស់លោកតែ ម្តង ។
បុរសម្ចាស់ទឹកសុទ្ធបន្តថា កន្លងមក ប្រជាពលរដ្ឋក៏ដូចកម្មករអូសរទេះដឹកទំនិញ ចេញចូលតាមច្រកទ្វារអន្តរជាតិចាំយាមគឺ ត្រូវបង់លុយជូនទៅខាងគយជានិច្ចហើយការបង់លុយគឺមិនមានវិក្កយបត្រឬលិខិតស្នាមអ្វីឡើយ សូម្បីតែតារាងកំណត់តម្លៃលើមុខទំនិញក៏គ្មានដែរ ។
លោក ឃឹម ហួត មន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិចាំយាមបានថ្លែងបដិសេធថា មិនមានការប្រព្រឹត្តដូចការចោទប្រកាន់របស់ កម្មករអូសរទេះនោះឡើយ ពួកលោកតែងតែមានការយោគយល់ជាច្រើនទៅដល់ ក្រុមកម្មករអូសរទេះតែនៅព្រឹកកើតហេតុដោយសារកម្មករខាងលើបានមកស្រែកឡូឡារញ៉េរញ៉ៃនៅមុខប៉ុស្តិ៍របស់លោក ទើបលោកឃាត់រទេះខាងលើដើម្បីសួរនាំឲ្យដឹងហេតុផល ហើយការដែលលោកហៅកម្លាំងប្រដាប់អាវុធមកនេះគ្រាន់តែ ដើម្បីការពារសន្តិសុខប៉ុណ្ណោះ ។
ចំណែកលោក ថេង ម៉ុងហួន ប្រធាន ការិយាល័យគយច្រកចាំយាមអ្នកយកព័ត៌មាននគរវត្តពុំអាចសុំការបំភ្លឺបានទេ ៕ ហេង នរិន្ទ្រ