សិង្ហបុរី ដែលជាប្រទេសមានជាងគេនៅអាស៊ី បើគិតតាម GDP សម្រាប់មនុស្សម្នាក់ បានប្រមូលចំណូលពន្ធបានកំណត់ត្រា ៩៧,៣ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ៧៦,៩ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥-២០២៦ ដោយទទួលបានការគាំទ្រពីសកម្មភាពសេដ្ឋកិច្ច និងការចំណាយរបស់អ្នកប្រើប្រាស់ដែលមានភាពរឹងមាំជាងមុន។
អាជ្ញាធរពន្ធដារសិង្ហបុរី (IRAS) បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះថា ចំណូលពន្ធនេះបានកើនឡើង ៩,៤% បើធៀបនឹងឆ្នាំមុន ហើយជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ស្ថាប័ននេះ។
ចំណូលពន្ធសរុបនេះស្មើនឹងប្រមាណ ១២,៣% នៃ GDP របស់សិង្ហបុរី។ ឆ្នាំហិរញ្ញវត្ថុនេះបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ពន្ធលើប្រាក់ចំណូលក្រុមហ៊ុន នៅតែជាប្រភពចំណូលពន្ធធំបំផុត ដោយមានចំណែកជាង ៣៥% នៃចំណូលពន្ធសរុប។
ចំណែក ពន្ធលើទំនិញ និងសេវាកម្ម (GST) ជាប្រភពចំណូលធំទី២ មានចំណែក ២២% ខណៈ ពន្ធលើប្រាក់ចំណូលបុគ្គល មានចំណែក ២១,៥%។
ក្នុងឆ្នាំដដែល IRAS ក៏បានដំណើរការជំនួយ និងការបង់ប្រាក់គាំទ្រជិត ១,២ពាន់លានដុល្លារសិង្ហបុរី សម្រាប់អាជីវកម្មប្រមាណ ១២៦,២០០ តាមរយៈកម្មវិធីគាំទ្រផ្សេងៗ។
IRAS ក៏បានធ្វើសវនកម្ម និងស៊ើបអង្កេតករណីចំនួន ៨,៥៦០ ដែលពាក់ព័ន្ធនឹងអ្នកជាប់ពន្ធដែលចេតនាគេចវេសពីការបង់ពន្ធ។ ស្ថាប័ននេះអាចប្រមូលត្រឡប់មកវិញបានប្រហែល ៥៨៩លានដុល្លារសិង្ហបុរី ជាពន្ធ និងប្រាក់ពិន័យ។
តាមការព្យាករណ៍របស់អ្នកវិភាគ សេដ្ឋកិច្ចសិង្ហបុរីត្រូវបានរំពឹងថានឹងកើនឡើង ៥% នៅឆ្នាំនេះ កើនពី ៣,៥% ក្នុងឆ្នាំ២០២៥។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីឆ្នាំមុន សិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ី និងលេខ ៨ នៅទូទាំងពិភពលោក ក្នុងចំណោមប្រទេសដែលមាន GDP ក្នុងមនុស្សម្នាក់ខ្ពស់បំផុត ដោយមានប្រមាណ ៩៩,៣៦៥ដុល្លារ ក្នុងមនុស្សម្នាក់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច