ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្រគាំទ្រប្រជាធិបតេយ្យប្រតាយប្រតប់គ្នាក្នុងសភាហុងកុង

ចែករំលែក៖

សមាជិកសភា២រូប ដែលចង់ឲ្យហុងកុងចាក់ផុតពីនឹមចិននោះ ត្រូវកងសន្តិសុខរបស់សភាហុងកុងចាប់ក្រៀក ក្នុងសភាហុងកុងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលម្នាក់ក្នុងចំណោមពួកគាត់ត្រូវចាប់អូសចេញពីតុ ។

ក្នុងសម័យប្រជុំជាប់ៗគ្នា៣សប្តាហ៍ប្រកបដោយចលាចលនោះ តំណាងរាស្ត្រគាំទ្រប្រជាធិបតេយ្យ២រូប គឺ Baggio Leung និងតំណាងរាស្ត្រ Yau Wai-ching បានចូលទៅកាន់សភា បើទោះបីពួកគាត់កំពុងស្ថិតក្រោមការរារាំងមិនឲ្យចូលកាន់សភាក៏ដោយ ដោយអាស្រ័យថា រង់ចាំលទ្ធផលរបស់តុលាការសម្រេចជាមុនសិន ពាក់ព័ន្ធថា តើពួកគេអាចមានសិទ្ធិអង្គុយកៅអីសភាដែរឬយ៉ាងណានោះ ។

តំណាងរាស្ត្រ Yau បានរត់ទៅកាន់តុថ្លែងសុន្ទរកថា រៀបចំមីក្រូហ្វូនខ្លួនឯង រួចប្រកាសស្បថចូលកាន់តំណែងសភាដោយខ្លួនឯង ស្របពេលនោះ កងសន្តិសុខក៏បានមកចាប់អូសចេញ នៅពេលដែលស្ត្រីតំណាងរាស្ត្ររូបនេះខំប្រឹងរើបម្រះ ។

រីឯតំណាងរាស្ត្រ Baggio វិញ ដោយមានការអមពីតំណាងរាស្ត្រគាំទ្រប្រជាធិបតេយ្យផងនោះ បានធ្វើឲ្យកងសន្តិសុខ៥នាក់ មិនអាចទប់ឈ្នះ ឬចាប់ចេញពីតុថ្លែងសុន្ទរកថាបានឡើយ ។ ការប្រជុំសភាបានប្រកាសផ្អាក បន្ទាប់ពីមិនអាចរារាំងតំណាងរាស្ត្រីBaggio នេះ ។

តំណាងរាស្ត្រគាំទ្រក្រុងប៉េកាំងស្រែកថា «ពួកគេមិនមានសមត្ថភាពចូលស្បថបានឡើយ» ខណៈដែលក្រុមគាំទ្រប្រជាធិបតេយ្យ អះអាងថា ពួកគេមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការចូលស្បថ ។

លោកស្រីតំណាងរាស្ត្រ Yau បានប្រាប់ក្រុមអ្នកកាសែត ក្រោយត្រូវគេចាប់ចេញពីសភាថា «បេសកម្មរបស់ខ្លួនថ្ងៃនេះ គឺបានបញ្ចប់ការស្បថរបស់ខ្ញុំហើយ ។ ខ្ញុំបានស្បថហើយ ថ្ងៃនេះ» ។

តំណាងរាស្ត្រ Yau និង Baggio បានឈ្នះកៅអីសភាក្នុងការបោះឆ្នោតកាលពីខែមុន ។ គោលនយោបាយរបស់ពួកគាត់ គឺផ្តោតលើការផ្តាច់ខ្លួនពីនឹមចិន ។ ប៉ុន្តែទោះបីយ៉ាងណា ពួកគាត់នៅមិនទាន់ក្លាយជាតំណាងរាស្ត្រពេញសិទ្ធិនៅឡើយទេ ដោយមិនទាន់បានចូលស្បថ ក្នុងក្រុមប្រឹក្សាតំណាងរាស្ត្រហុងកុង (Legco) ។

ការចូលស្បថរបស់ពួកគាត់ត្រូវបានរារាំង ដោយសារតុលាការនៅបន្តស្រាវជ្រាវពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ជាមួយអ្នកតំណាងរាស្ត្រទាំង២រូបនេះ ។ ពួកគាត់ព្យាយាមចូលប្រជុំ និងស្បថ៣សប្តាហ៍មកហើយ ៕

newly-elected-lawmaker-baggio-leung-c-in-glasses-is-restrained


ចែករំលែក៖