ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួច (លួចម៉ូតូ)

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួច (លួចម៉ូតូ)។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឱ្យដឹងនារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ជនសង្ស័យរួមមាន៖

១. ឈ្មោះ សុង សុភស្ត អាយុ ៣៣ឆ្នាំ មុខរបររត់ផាសអាប់ (PassApp) មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២. ឈ្មោះ វៀង វាំងដេ អាយុ ៣១ឆ្នាំ មុខរបរមិនប្រាកដ ជនជាតិវៀតណាម មានទីលំនៅសង្កាត់រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល (អន្តោប្រវេសន៍ ប័ណ្ណលឿង) (មានសារធាតុញៀន)។

៣. ឈ្មោះ វៀង ហៀវ អាយុ ៣២ឆ្នាំ មុខរបរមិនប្រាកដ ជនជាតិវៀតណាម មានទីលំនៅភូមិដុងហ៊ោ ឃុំដុងបិន ស្រុកបិនមិញ ខេត្តវិញឡុង ប្រទេសវៀតណាម (មានសារធាតុញៀន)។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលបណ្តឹងមួយច្បាប់ពីឈ្មោះ **លី ជីង** ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានដាក់ពាក្យបណ្តឹងទៅលើជនមិនស្គាល់អត្តសញ្ញាណចំនួន ០៣នាក់ ដែលបានធ្វើសកម្មភាពកាត់សោយកម៉ូតូរបស់ខ្លួន កាលពីវេលាម៉ោង ០៣:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបុរីអេស៊ីខម ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពីបានទទួលបណ្តឹង លោកអធិការនគរបាលក្រុង បានបញ្ជាកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលបាវិត ចុះទៅដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព រហូតសមត្ថកិច្ចបានកំណត់ភិនភាគ និងមុខសញ្ញា។ លុះដល់ម៉ោង ១៦:០០នាទីរសៀល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាងម៉ូតូ ០៤គ្រឿង នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖

* ផាសអាប់ (PassApp) ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ តាកែវ 1S-2840 (មធ្យោបាយជិះធ្វើសកម្មភាពលួច)

* ម៉ូតូម៉ាក វីស្តុន ពណ៌ស៊ីម៉ង់ត៍ ពាក់ស្លាកលេខ 70N1-5696

* ម៉ូតូម៉ាក អេប្លេត (Air Blade) ពណ៌ខ្មៅ គ្មានស្លាកលេខ

* ម៉ូតូម៉ាក អិចសិនទ័រ (Exciter) ពណ៌ខ្មៅ គ្មានស្លាកលេខ

* ម៉ូតូម៉ាក មីអូ (Mio) ពណ៌ខ្មៅ ពាក់ស្លាកលេខ 59M2-58523

* ដង្កាប់ ០១, សោអក្សរ L ០២ដើម, សោលេខ៣ ០១ដើម និងគ្រាប់បំបែកសោម៉ូតូ ០២គ្រាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាទៅធ្វើសកម្មភាពលួចម៉ូតូបានចំនួន ០៤គ្រឿង រួចយកទៅទុកក្នុងបន្ទប់ជួលប្រាកដមែន៕

ដោយ៖ សុថាន


ចែករំលែក៖