កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១:២៥នាទី មានគណនីហ្វេសប៊ុកឈ្មោះ ប៊ីប៊ី បានបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលមានខ្លឹមសារថា «សមត្ថកិច្ចបានប្រើកូនរបស់ខ្លួនឱ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិបឹងត្រកួន និងភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ»។
ក្រោយទទួលបានព័ត៌មានភ្លាម នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៣០នាទី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត បានចាត់ឱ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ចុះទៅដល់ភូមិរង់ចាំ៣ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានផ្ទះលេខ ១១៩៦ ផ្លូវលេខ១១ ជាផ្ទះកូនបង្កើតរបស់ម្ចាស់គណនីហ្វេសប៊ុក ដោយបានពិនិត្យឃើញមានឈ្មោះ សាន ឈុនលី ភេទប្រុស អាយុ ២៤ឆ្នាំ ព្រមទាំងបក្សពួក (ភេទប្រុស) ចំនួន ០៤នាក់ទៀត។ ក្នុងការត្រួតពិនិត្យបានរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងបានធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមាន (+) ទាំង ០៥នាក់ ហើយបានបន្តចាត់ការតាមនីតិវិធី។
ពាក់ព័ន្ធករណីបង្ហោះផ្សាយខាងលើ ឈ្មោះ សាន ឈុនលី បានឱ្យដឹងបន្ថែមទៀតថា «គ្មានសមត្ថកិច្ចរូបណាមកប្រើខ្លួនឱ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀនឡើយ»។ ហេតុដែលនាំឱ្យមានការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៊ីប៊ី ត្រូវជាម្តាយរបស់ឈ្មោះ សាន ឈុនលី ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសថៃនោះ គឺដោយសារខឹងប្រដៅកូនមិនស្តាប់។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជាបន្តទៀត។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ជ្រាបជាព័ត៌មាន៕

ដោយ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច