ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធី។
នៅវេលាម៉ោង ២២:៣០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ រហូតដល់វេលាម៉ោង ០១:៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ពេលដល់ចំណុចមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កម្លាំងបានប្រទះឃើញយុវជនចំនួន ០៤នាក់ គួរឱ្យសង្ស័យ ក៏បានហៅមកសួរនាំ ព្រមទាំងធ្វើការឆែកឆេរលើខ្លួន ដោយរកឃើញ៖
១. ឈ្មោះ តាំង ហុកឆាយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ឆែកឆេររកឃើញម្សៅក្រាមសថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ០,២២ក្រាម។
២. ឈ្មោះ ដាក ប៊ីចេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ឆែកឆេររកឃើញបំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន ០១។
៣. ឈ្មោះ រិទ្ធ សុផល ហៅ អាតឿ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ (គ្មានវត្ថុតាង)។
៤. ឈ្មោះ សន ហាវ ហៅ តឿ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ (គ្មានវត្ថុតាង)។
បន្ទាប់មក កម្លាំងបាននាំខ្លួនជនសង្ស័យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមាន (+) ទាំង ០៤នាក់។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកដើម្បីប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច