ខេត្តស្វាយរៀង៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង រកឃើញជនជាតិវៀតណាម ចំនួន ០៦នាក់ (ស្រី ០១នាក់) សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងវត្ថុតាងមួយចំនួន និងអាវុធខ្លីម៉ាក K59 ០១ដើម។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសណ្ឋាគារណូបែល (Nobel Bavet Hotel) ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពដដែលបន្តថា ក្រុមការងារបានចុះឆែកឆេរ ត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យខាងលើ ដោយរកឃើញ៖
នៅជាន់ទី១ បន្ទប់លេខ ១១០៥៖ រកឃើញកញ្ចប់ម្សៅពណ៌ផ្កាឈូក ចំនួន ០១កញ្ចប់ ព្រមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយបានប្រគល់ជូនជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុង។
នៅជាន់ទី២ បន្ទប់លេខ ២២២០៖ រកឃើញជនជាតិវៀតណាម ចំនួន ០៦នាក់ (ស្រី ០១នាក់) សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រយួរដៃ ០៤គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន ១១គ្រឿង និងអាវុធខ្លីម៉ាក K59 ០១ដើម។
ចំពោះជនជាតិវៀតណាមឈ្មោះ Nguyen Van Khuyen ភេទប្រុស ជាម្ចាស់អាវុធ ត្រូវបានប្រគល់ជូនជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ និងអនុវត្តនីតិវិធីបន្ត។
ដោយឡែក ចំពោះជនសង្ស័យ ០៥នាក់ទៀត រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីបន្ត។ ជាមួយគ្នានេះ ក្រុមការងារចម្រុះបានសម្រេចបិទសៀលបន្ទប់លេខ ២២២០ ខាងលើជាបណ្តោះអាសន្ន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច