ព័ត៌មានទាន់ហេតុការណ៍៖

កំពុងធ្វើសកម្មភាពលួចធុងបាស់ និងដែកជន្ទល់ ម្ចាស់មកទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ត្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែកញ្ញា នេះថា កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាអំពើលួច (ធុងបាស់ និងដែកជន្ទល់) ព្រមទាំងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី។

ប្រភពបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជនសង្ស័យមានចំនួន ០២នាក់ (ភេទប្រុស) ក្នុងនោះគេចខ្លួន ០១នាក់៖

១. ឈ្មោះ គង់ អឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូតិ៍ឈូកវ៉ា១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងទឹកនោម (+)) ជាមុខសញ្ញាចាស់។

២. បក្ខពួក ០១នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

វត្ថុតាងចាប់យក រួមមាន៖

* សោលេខ១០ ចំនួន ០១

* កូនកាំបិតបត់ ចំនួន ០១

* សោលេខ៨ កែច្នៃជាមុខសំប៉ែត ចំនួន ០១

សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅធ្វើការងារម៉ៅការសំណង់ ដោយបានបិទទ្វារផ្ទះចោល ហើយឧបករណ៍សម្រាប់ធ្វើសំណង់ជាច្រើនត្រូវបានរក្សាទុកនៅខាងមុខផ្ទះ។ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានត្រឡប់ទៅដល់ផ្ទះវិញ ក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពចូលលួចសម្ភារឧបករណ៍គ្រឿងសំណង់របស់ខ្លួន ក៏បានស្រែកឆោឡោ។ ពេលនោះ មានប្រជាពលរដ្ឋអ្នកភូមិបានចេញមកជួយ និងរាយការណ៍ជូនសមត្ថកិច្ច ទើបឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ រួមជាមួយវត្ថុតាង នាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ ខ្លួនបានទៅលេងផ្ទះបងប្អូនរាប់អានគ្នានៅក្នុងភូមិកើតហេតុ។ បន្ទាប់មក ខ្លួនបានធ្វើសកម្មភាពលួចយកដែកជន្ទល់ចំនួន ០៩ដើម និងធុងបាស់ ០១គ្រឿង ពីផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនចេះប្រើប្រាស់សារធាតុញៀនរយៈពេលជាង ០៤ឆ្នាំមកហើយ។ កន្លងមក ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស រាជធានីភ្នំពេញ ចំនួន ០១លើក រយៈពេល ០១ឆ្នាំ ពីបទ «អំពើលួច (កង់)»។

បច្ចុប្បន្ន ករណីនេះកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕


ចែករំលែក៖