ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ១៨:០០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពីឈ្មោះ សេង សុន ភេទប្រុស អាយុ ៥០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីបាត់ម៉ូតូ និងសម្ភារជាងឈើមួយចំនួន កាលពីវេលាម៉ោង ០៦:០០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានបណ្តឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតដល់វេលាម៉ោង ១០:០០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ តាក់ វិចិត្រ ភេទប្រុស អាយុ ៤៧ឆ្នាំ នៅចំណុចមុខវត្តមុងចិន ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាង នាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ និងបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ឃើញថាជនសង្ស័យពិតជាជាប់ពាក់ព័ន្ធសមគំនិតអំពើលួច (សម្ភារជាង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ហើយជនសង្ស័យក៏ធ្លាប់ជាប់ពន្ធនាគារចំនួន ០១ឆ្នាំកន្លះ ពីករណីរក្សាទុកគ្រឿងញៀនផងដែរ។
ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាង កម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះវិញហើយដែរ។ ដោយឡែក បក្ខពួកជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីនាំយកមកអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច