ភ្នំពេញ៖ ខណ្ឌដូនពេញ គឺជាខណ្ឌទី៩ នៅកម្ពុជា ដែលទទួលបានជ័យលាភីជាទីក្រុង និងខណ្ឌទេសចរណ៍គ្មានផ្សែងបារី ពិសេសផ្លូវដើរជើង (Walk Street) ក្នុងខណ្ឌដូនពេញ ទទួលបានពានរង្វាន់ជាផ្លូវដើរជើងលំដាប់ថ្នាក់លេខ២ នៅលើពិភពលោក។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជ័យលាភីខណ្ឌដូនពេញ «គ្មានផ្សែងបារី» ដែលត្រូវបានទទួលស្គាល់ដោយ ក្រសួងទេសចរណ៍, អង្គការសុខភាពពិភពលោក (WHO), បណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, និងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក ហួត ហាក់ បានបញ្ជាក់ថា កត្តានាំឱ្យទទួលបានជ័យលាភីនេះរួមមាន៖
* កត្តាទី១៖ ទីតាំងយុទ្ធសាស្ត្រស្ថិតនៅបេះដូងនៃរាជធានីភ្នំពេញ ដែលមានតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ វប្បធម៌ និងពាណិជ្ជកម្មសំខាន់ៗ (ដូចជា ព្រះបរមរាជវាំង, វត្តភ្នំ, និងតំបន់ទន្លេបួនមុខ)។
* កត្តាទី២៖ កិច្ចសហការគ្នាយ៉ាងល្អរវាងរដ្ឋបាលខណ្ឌ, អាជ្ញាធររាជធានីភ្នំពេញ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជីវករ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តបទដ្ឋានអនាម័យ បរិស្ថាន សុវត្ថិភាព និងការត្រួតពិនិត្យផលិតផលថ្នាំជក់។
លោកបានបន្តថា បន្ទាប់ពីទទួលបានជ័យលាភីនេះហើយ មិនមែនជាទីបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការទទួលខុសត្រូវថ្មី ក្នុងការថែរក្សា និងលើកកម្ពស់ស្តង់ដារគុណភាព បរិស្ថាន អនាម័យ និងសុវត្ថិភាពទេសចរណ៍ឱ្យកាន់តែប្រសើរឡើងជាប្រចាំផងដែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ខណ្ឌដូនពេញ ត្រូវបានស្គាល់ថាជាទីប្រជុំជននៃរាជធានីភ្នំពេញ ដែលប្រមូលផ្តុំទៅដោយតំបន់ទេសចរណ៍ចម្រុះ រួមមាន៖ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ, សំណង់អគារបុរាណ និងតំបន់ទេសចរណ៍ម្ហូបអាហារជាលក្ខណៈពហុវប្បធម៌ ជាពិសេសតំបន់ទេសចរណ៍ផ្លូវថ្មើរជើងចតុមុខ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ជាច្រើន មកសម្រាក លំហែកាយ និងទស្សនាកម្សាន្តប្រមាណជា ២០ម៉ឺននាក់ ជារៀងរាល់ចុងសប្តាហ៍។
សម្រាប់ការរៀបចំប្រកាសទទួលស្គាល់ខណ្ឌដូនពេញជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនាពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ក្នុងការបន្តខិតខំរៀបចំកែលម្អ កែច្នៃ និងបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដែលមានភាពស្រស់ស្អាត, ទាក់ទាញ, បរិយាកាសបរិសុទ្ធ និងមានការគិតគូរយ៉ាងល្អិតល្អន់នូវបញ្ហាសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកទស្សនាកម្សាន្ត៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច