ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ ចុះឃាត់រថយន្តកុងតឺន័រដែលបង្កការស្ទះចរាចរណ៍ ក្រោយផ្គើនការណែនាំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣, លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ និងក្រុមការងារ បានចុះឃាត់រថយន្តធន់ធ្ងន់ (កុងតឺន័រ) ដែលចតតម្រៀបគ្នាជាជួរៗ នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ បង្កផលប៉ះពាល់ដល់ចរាចរណ៍ជារៀងរាល់ថ្ងៃ ទោះបីជាមានការចេញលិខិតណែនាំជាច្រើនលើកច្រើនសារក៏ដោយ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ទីតាំងខាងលើជាផែមួយសម្រាប់ទម្លាក់ទូកុងតឺន័រដឹកអីវ៉ាន់ ហើយមួយថ្ងៃៗ ក្រុមរថយន្តកុងតឺន័រទាំងនោះតែងតែមកឈប់ចតតម្រៀបគ្នាម្តង ២ជួរ មានទាំងបញ្ច្រាសទិសដៅចរាចរណ៍ បង្កឱ្យស្ទះចរាចរណ៍រាល់ថ្ងៃ ជាពិសេសធ្វើឱ្យបាំងមុខហាងរបស់អ្នកលក់ដូរក្បែរនោះ មិនអាចលក់ដូរបាន។

លោក វ៉ា សាវឿន បានបន្តថា ទីតាំងខាងលើ រដ្ឋបាលសង្កាត់-ខណ្ឌ បានធ្វើការណែនាំ និងចេញលិខិតជូនដំណឹងជាច្រើនលើកច្រើនសារមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរក៏ធ្លាប់ឃាត់យករថយន្តទៅរក្សាទុកមួយរយៈពេល ហើយប្រគល់រថយន្តមកវិញ ប៉ុន្តែមកដល់បច្ចុប្បន្ន ក្រុមរថយន្តខាងលើនៅតែផ្គើនមិនស្តាប់ការណែនាំ ទើបលោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះចាប់យករថយន្តដែលឈប់ចតលើចិញ្ចើមផ្លូវបង្កផលប៉ះពាល់ទាំងនោះ យកទៅរក្សាទុកដើម្បីធ្វើកិច្ចសន្យាបន្ថែម។

លោកចៅសង្កាត់បានបញ្ជាក់ទៀតថា រថយន្តដែលឃាត់យកទៅរក្សាទុក គឺមិនមានការបង់ប្រាក់ពិន័យនោះទេ គ្រាន់តែទុកដើម្បីធ្វើកិច្ចសន្យា លែងឱ្យមានការចតបែបនេះទៀតប៉ុណ្ណោះ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖