ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង យ៉ាងសន្ធោសន្ធៅ​នៅចំណុចបុរីម៉នដានី​ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ÷ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង០០នាទីយប់រំលងអាធ្រាត​ ឈានចូលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ដែលស្ថិតនៅចំណុចបុរីម៉នដានី​ គំរោង១០​ ផ្ទះលេខA១៧០​ ផ្លូវលេខ២០​ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១គ្រឿង,​ រថយន្តអគ្គិភ័យបុរីសង្ឃឹមថ្មីចំនួន២គ្រឿង​ ប្រេីប្រាស់​ទឹកអស់២គ្រឿង។ 

ដោយឡែកចំពោះ​ ប្រភេទសំណង់​ ថ្មបេតុង (វិឡាកូនកាត់)​ ទំហំ​ (១០ម៉ែត្រ​ x ១១ម៉ែត្រ​)​ ឆេះខូចខាតសម្ភារៈមួយចំនួនធំ។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ១២និង៣០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថាបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡេីយ៕


ចែករំលែក៖