ភ្នំពេញ៖ កម្ពុជា-ឡាវ នៅតែបន្តពង្រឹងកិច្ចសហការលើវិស័យសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ។
លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ខណៈលោកជួបពិភាក្សាការងារជាមួយលោក Jürg Lauber អនុប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ អំឡុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
លោក លី ធុជ បានបញ្ជាក់ថា៖ «កម្ពុជា និងប្រទេសឡាវ នៅតែបន្តពង្រឹងកិច្ចសហការលើវិស័យសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់បំផុត មិនថាកាលៈទេសៈណាក៏ដោយ»។ លោកបានថ្លែងអរគុណ ICRC ចំពោះការគាំទ្រវិស័យមីន និងការសម្របសម្រួលដោះលែងនាយទាហានកម្ពុជា ១៨រូប ដែលត្រូវបានយោធាថៃចាប់ខ្លួនកាលពីឆ្នាំ២០២៥។
លោកក៏បានលើកឡើងពីបន្ទុកមនុស្សធម៌ថ្មី នៃយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបន្សល់ទុកពីជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ និងបានស្នើឱ្យ ICRC បន្តជួយគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហានេះ។
លោក Jürg Lauber បានសរសើរចំពោះការរួមចំណែករបស់កម្ពុជាលើគោលដៅមនុស្សធម៌ ទោះបីកម្ពុជាមិនទាន់ជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ។ លោកក៏បានបញ្ជាក់ថា ICRC កំពុងធ្វើការជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ ផងដែរ៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច