ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងស្វាយរៀង បំភ្លឺព័ត៌មានបណ្តាញសង្គម TikTok របស់គណនីឈ្មោះ “សឹង្ហ” ជាអាជីវករលក់ដូរតាមបណ្តោយផ្លូវមាត់ទន្លេវ៉ៃគោ ចោទប្រកាន់លើលោក សុន សុភា ថាប្រើពាក្យសម្តីមិនសមរម្យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀង បានធ្វើការបំភ្លឺព័ត៌មាន បន្ទាប់ពីបានឃើញការបង្ហោះក្នុងបណ្តាញសង្គម TikTok របស់គណនីឈ្មោះ «សឹង្ហ» ជាអាជីវករលក់ដូរតាមបណ្តោយផ្លូវមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង (ជាប់របងវិទ្យាល័យស្វាយរៀង ផ្នែកខាងកើត) ស្តីពីករណីបង្ហោះរូបភាពលោក សុន សុភា អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ថាបានប្រើពាក្យសម្តីមិនសមរម្យទៅលើរូបគាត់ (ម្ចាស់គណនី លោកស្រី ភី សៀកហុង)។

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលក្រុងស្វាយរៀង បានបើកកិច្ចប្រជុំពិនិត្យ ស្តាប់មតិយោបល់ និងធ្វើការសម្របសម្រួលលើករណីខាងលើនេះ ជាលទ្ធផលឃើញថា កាលពីវេលាម៉ោងប្រហែល ០៨:៤៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក សុន សុភា បានចុះទៅប្រាប់លោកស្រី ភី សៀកហុង ជាអាជីវករលក់ដូរនៅតាមបណ្តោយមាត់ទន្លេវ៉ៃគោ ជាប់របងវិទ្យាល័យស្វាយរៀងខាងកើត ឱ្យជួយសម្រួលម៉ូតូអ្នកចូលហូប ត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់កុំឱ្យចតលើផ្លូវ ដោយសារការប្រើពាក្យសម្ដីរៀងខ្លាំងធ្ងន់ទៅលើរូបគាត់ ទើបផ្ទុះជាទំនាស់ពាក្យសម្តីរវាងបុគ្គលទាំងពីរនាក់នេះ។ លុះដល់វេលាម៉ោងប្រហែល ១១:០០នាទីយប់ លោកស្រី ភី សៀកហុង ក៏បានយករូបភាព និងសកម្មភាពទៅបង្ហោះនៅលើបណ្តាញសង្គម TikTok ឈ្មោះ «សឹង្ហ» ដោយបានបញ្ជាក់ពីការប្រើពាក្យសម្តី និងកាយវិការមិនសមរម្យមកលើរូបគាត់។ ករណីនេះ លោកស្រីបានបញ្ជាក់បន្ថែមថា ជាទំនាស់ពាក្យសម្តីរវាងរូបគាត់ និងលោក សុន សុភា មិនពាក់ព័ន្ធនឹងរឿងអ្វីផ្សេងក្រៅពីនេះឡើយ (នេះបើតាមការលើកឡើងរបស់ភាគីទាំងពីរ)។

រដ្ឋបាលក្រុងស្វាយរៀង សូមគូសបញ្ជាក់ថា ចំពោះករណីនេះ រដ្ឋបាលក្រុងពុំមានគោលការណ៍ទារភាស៊ីពីបងប្អូនប្រជាពលរដ្ឋជាអាជីវករលក់ដូរនោះទេ (លក់ដោយមិនមានការបង់ថ្លៃ)។ កន្លងមក អាជីវករបានស្ម័គ្រចិត្តបង់ថវិកាសម្រាប់សេវាអនាម័យបរិស្ថាន (សម្អាត និងដឹកជញ្ជូនសំរាមចេញ)។

រដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវ និងសំណូមពរយ៉ាងទទូចចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ និងចៀសវាងការចតយានជំនិះលើចិញ្ចើមផ្លូវសាធារណៈ ដែលបណ្តាលឱ្យគ្មានសណ្តាប់ធ្នាប់ ធ្វើឱ្យស្ទះចរាចរណ៍ ជាពិសេសបង្ការកុំឱ្យបាត់បង់ ឬកើតមានគ្រោះថ្នាក់ជាយថាហេតុ។

រដ្ឋបាលក្រុង សូមទទួលយកនូវមតិរិះគន់ក្នុងន័យស្ថាបនា និងធ្វើការស្រាវជ្រាវភស្តុតាងបន្ថែម ដើម្បីពិនិត្យ ណែនាំ ឬឈានទៅដល់ការដាក់វិន័យចំពោះមន្ត្រីរាជការ ដែលប្រព្រឹត្តល្មើសនឹងច្បាប់ លក្ខខន្តិកៈ និងក្រមសីលធម៌វិជ្ជាជីវៈ របស់មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ សុថាន


ចែករំលែក៖