ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានប្រគល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមចិនដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌សង្គ្រោះគ្រោះមហន្តរាយទឹកជំនន់។
ពិធីប្រគល់ និងទទួលជំនួយមនុស្សធម៌នេះ បានធ្វើឡើងនៅស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
យោងតាមខ្លឹមសារលិខិតផ្លូវការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន លោក He Wei ប្រធានសមាគមកាកបាទក្រហមចិន ដែលក្នុងនោះ កាកបាទក្រហមកម្ពុជាបានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ ដូចជាការដួលរលំផ្ទាំងទឹកកក ទឹកជំនន់ និងព្យុះទីហ្វុង Saudel ដែលបានបោកបក់ និងបង្កភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្តាខេត្តមួយចំនួនរបស់ប្រទេសចិន។
តាមរយៈជំនួយនេះ កាកបាទក្រហមកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា វានឹងជួយយុទ្ធនាការសង្គ្រោះ និងសម្រាលទុក្ខដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងស្តារឡើងវិញនូវសហគមន៍ដែលកំពុងត្រូវការជំនួយជាបន្ទាន់ក្រោមការដឹកនាំរបស់សមាគមកាកបាទក្រហមចិន។
ក្នុងឱកាសនោះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជំនួយមនុស្សធម៌ដ៏មានតម្លៃដល់ប្រទេសចិន។
ជំនួយនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងសង្គមជាតិទាំងពីរ ក្នុងការជួយសង្គ្រោះ និងជួយយគ្នាក្នុងគ្រាមានទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយទឹកជំនន់។
សូមបញ្ជាក់ថា ការផ្តល់ជំនួយរបស់កាកបាទក្រហមកម្ពុជាដល់កាកបាទក្រហមចិននាពេលនេះ គឺជាលើកទី២ហើយ ក្នុងឆ្នាំ២០២៦។ លើកទី១ ត្រូវបានប្រគល់ជូនតាមរយៈស្ថានទូតចិនកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ដោយគិតជាថវិកាទាំងពីរលើកសរុបមានចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕
ប្រភព ៖ (CCFR)

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច