ខេត្តព្រៃវែង៖ លៀសដែលឈ្មួញឃុបឃិតជាមួយជនខិលខូចប្រព្រឹត្តល្មើសបានពីបឹងស្នេហ៍ក្នុងស្រុកបាភ្នំ ត្រូវបានទុកចោលរហូតដល់ល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ បណ្តាលឱ្យស្អុយពេញវាល។ តើមានចំណាត់ការយ៉ាងដូចម្តេច បានជាបណ្តែតបណ្តោយឱ្យបញ្ហានេះត្រូវអូសបន្លាយយូរថ្ងៃបែបនេះ?
គួរបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបាភ្នំ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសអូសលៀស និងនេសាទលៀសខុសច្បាប់ ក្នុងអំឡុងរដូវបិទនេសាទ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ និងរឹបអូសលៀសចំនួនរាប់សិបបាវ ដែលមានទម្ងន់សរុបជាច្រើនតោន ព្រមទាំងរថយន្តធុនធំមួយចំនួនដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនលៀស។ វត្ថុតាងត្រូវបាននាំយកទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី។
ទោះជាយ៉ាងណា តាមព័ត៌មានដែលទទួលបាន លៀសមួយចំនួនដែលនៅសល់នៅទីតាំងកើតហេតុ ក្រោយពេលសមត្ថកិច្ចឃាត់រថយន្តកាលពីថ្ងៃទី១១ ខែកញ្ញា មិនត្រូវបានយកទៅចាក់ចោលក្នុងទន្លេបឹងស្នេហ៍ ឬយកចេញពីទីតាំងឱ្យអស់នោះទេ ប៉ុន្តែត្រូវបានទុកចោលនៅទីតាំងដដែល រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ការទុកលៀសដែលនៅសល់អស់រយៈពេលជាច្រើនថ្ងៃ បានបណ្តាលឱ្យលៀសទាំងនោះចាប់ផ្តើមស្អុយរលួយ និងបង្កក្លិនស្អុយរំខានដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ រហូតមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពីអ្នកសារព័ត៌មានដែលបានចុះទៅពិនិត្យ និងផ្សព្វផ្សាយព័ត៌មាន។
ជុំវិញករណីនេះ មានការយល់ច្រឡំមួយចំនួនថា លៀសដែលនៅសល់នៅថ្ងៃទី១៥ ខែកញ្ញា គឺជាលៀសដែលប្រជាពលរដ្ឋទើបតែអូស ឬនេសាទថ្មីៗ។ ប៉ុន្តែតាមព័ត៌មានដែលទទួលបាន លៀសទាំងនោះជាផ្នែកមួយដែលនៅសល់ពីការបង្ក្រាប និងឃាត់រថយន្តដឹកលៀសរបស់សមត្ថកិច្ចកាលពីថ្ងៃទី១១ ខែកញ្ញា ប៉ុណ្ណោះ មិនមែនជាករណីនេសាទថ្មីនៅថ្ងៃទី១៥ នោះទេ។
ប្រជាពលរដ្ឋនៅតំបន់កើតហេតុ បានស្នើឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធមានវិធានការគ្រប់គ្រង និងដោះស្រាយវត្ថុតាងដែលនៅសល់ឱ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីចៀសវាងការបង្កក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ចំពោះករណីបទល្មើសនេសាទខាងលើ កម្លាំងសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីច្បាប់ និងវិធានការដែលពាក់ព័ន្ធ៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច