ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ បង្ក្រាបចំនួន៦ករណី និងឃាត់ខ្លួនជនសង្ស័យសរុប៩នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនានិងករណីលួច

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបន្តស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗជាបន្តបន្ទាប់ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានបង្ក្រាបសរុបចំនួន ០៦ករណី និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៩នាក់ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា (វាយទៅវិញទៅមក), អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចកាត់ខ្សែភ្លើង និងលួចសម្ភារ), អំពើលួចគ្រឿងអលង្ការ, អំពើលួចទូរស័ព្ទ និងករណីប្លន់យកទូរស័ព្ទ និងប្រាក់ ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានបន្តស្រាវជ្រាវរកបក្ខពួកដែលពាក់ព័ន្ធបន្ថែមទៀតផងដែរ ។

សមត្ថកិច្ចបានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន រួមមាន ម៉ូតូ ទូរស័ព្ទដៃ ខ្សែភ្លើង សម្ភារដែក ស្ពាន់ ឧបករណ៍កាត់ និងឧបករណ៍ប្រើប្រាស់ក្នុងសកម្មភាពបទល្មើសផ្សេងៗ ។

ចំពោះសម្ភារវត្ថុតាងមួយចំនួន បានប្រគល់ឱ្យម្ចាស់ដើមវិញ ដោយទទួលបានគោលការណ៍ដឹកនាំ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការអនុញ្ញាតពីឯកឧត្តម ព្រះរាជអាជ្ញា ។

បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ៕


ចែករំលែក៖