ខេត្តមណ្ឌលគិរី ៖ បុរសវ័យ ២៤ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីកាំភ្លើងកែច្នៃដែលដឹកតាមម៉ូតូបានផ្ទុះត្រូវក្បាល។ហេតុការណ៍ដែលកើតឡើងកាលពីល្ងាចថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងចម្ការកៅស៊ូ ភូមិពូជ្រៃចុងផាង (ដេអេ) ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះមានឈ្មោះ សាណី ណាវី អាយុ ២៤ឆ្នាំ ជនជាតិដើមភាគតិចព្នង ជាកសិកររស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកឯជនសង្ស័យដែលត្រូវជាពូបង្កើតរបស់ជនរងគ្រោះ មានឈ្មោះ ឃុន ត្រឹក អាយុ ៣២ឆ្នាំ ជនជាតិព្នង និងជាកសិកររស់នៅក្នុងតំបន់ជាមួយគ្នា។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា អ្នកទាំងពីរបាននាំគ្នាទៅដាក់អន្ទាក់ខ្សែភ្លើងឆក់សត្វនៅក្នុងចម្ការដំឡូងមី។ លុះឃើញដានថាមានជ្រូកព្រៃជាប់ អន្ទាក់ ពួកគេក៏បានចុះពិនិត្យ និងឃើញស្នាមរបួសជ្រូកព្រៃរត់ចូលព្រៃ។ ជនរងគ្រោះបានទូរស័ព្ទហៅបងប្រុស និងអ្នកភូមិយកឆ្កែមកជួយតាមរក ប៉ុន្តែដោយសាររកមិនឃើញ ហើយមេឃជិតភ្លៀង ទើបនាំគ្នាត្រឡប់មកជម្រក (រោងចម្ការ) វិញ។
ខណៈជនរងគ្រោះកំពុងបើកបរម៉ូតូដឹកជនសង្ស័យត្រឡប់មកវិញ ដោយជនសង្ស័យកាន់កាំភ្លើងកែច្នៃនៅចំហៀងម៉ូតូ ផ្លូវរអិលបានបណ្តាលឱ្យម៉ូតូរអិលកង់ក្រោយ ហើយកាំភ្លើងបានទៅទង្គិចនឹងដើមកៅស៊ូ។ ការប៉ះទង្គិចនេះបានធ្វើឱ្យកៃកាំភ្លើងផ្ទុះ បាញ់ត្រូវក្បាលជនរងគ្រោះពីខាងក្រោយធ្លាយទៅផ្នែកថ្ងាស បណ្តាលឱ្យស្លាប់ភ្លាមៗ។
លោក សាណី ជូត ដែលត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ថា ក្រោយឮសំឡេងស្រែកហៅឱ្យជួយ គាត់បានប្រញាប់ទៅដល់កន្លែងកើតហេតុ ហើយបានឃើញប្អូនប្រុសដេកផ្កាប់មុខលើដី មានឈាមហូរតាមក្បាល និងច្រមុះ។ ពេលដឹងថាប្អូនស្លាប់ គាត់ក៏បានរាយការណ៍ជូនឪពុក ដើម្បីរៀបចំយកសពទៅធ្វើបុណ្យតាមប្រពៃណី។
ផ្អែកលើការពិនិត្យកោសល្យវិច័យពីមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា សពមានស្នាមរបួសធ្ងន់ធ្ងរនៅផ្នែកក្បាល (ធ្លាយពីក្រោយទៅមុខ) ដោយសារគ្រាប់កាំភ្លើងកែច្នៃ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូ ១គ្រឿង កាំភ្លើងកែច្នៃ ១ដើម, កាំបិតស្នៀត ១ និងកាបូបស្ពាយព្រមទាំងសម្ភារប្រើប្រាស់កាំភ្លើង អាគុយ,ខ្សែលួស និងឧបករណ៍សម្រាប់ឆក់សត្វមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាង ដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច