ខេត្តកំពង់ស្ពឺ÷ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមជម្រាបសាធារណជនមេត្តាជ្រាបថា៖ ពាក់ព័ន្ធករណីជនសង្ស័យ ២នាក់ ដែលបានផ្លោះលួចរត់ចេញពីក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ពេលសមត្ថកិច្ចនគរបាលបញ្ជូនខ្លួនទៅអយ្យការ ដើម្បីសាកសួរតាមនីតិវិធី។
ជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌ ២នាក់ ដែលបានរួចរត់គេចខ្លួនផ្លោះរបងចេញពីសាលាដំបូងខេត្ត កំពង់ស្ពឺ កាលពីវេលាម៉ោងប្រមាណជា ១០និង០០នាទីព្រឹក នោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលបានសហការ និងតាមប្រមាញ់ចាប់បានម្នាក់ក្នុងចំណោម ២នាក់ ឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ ពាក់ព័ន្ធបទប៉ុនប៉ង លួចទ្រព្យសម្បត្តិ រីឯឈ្មោះ ឡេង កែវ ភេទប្រុស អាយុ ២៧ឆ្នាំ ពាក់ព័ន្ធបទលួច សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវ តាមចាប់។
ជនសង្ស័យដែលបានលួចផ្លោះរបងចេញមកខាងក្រៅសាលាដំបូងខេត្ត ដោយមូលហេតុបានសុំសមត្ថកិច្ច ទៅបន្ទប់ទឹករួចបានរត់គេចខ្លួនតែម្តង។ ជុំវិញករណីខាង លើនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាន បើកការស្រាវជ្រាវបន្ទាន់ដោយបានការដឹកនាំសម្រប សម្រួលនីតិវិធីពីតំណាងអយ្យការ ដើម្បីពិនិត្យលើករណីនេះ។ ជាក់ស្តែងជនសង្ស័យដែលសមត្ថកិច្ចតាមចាប់បាន (ឈ្មោះ វ៉ាន់ វុទ្ធី) និងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕.

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច