ព័ត៌មានទាន់ហេតុការណ៍៖

កំពុង​បើកបរ​គោ​យន្ត​ក្រោម​តំណក់ទឹកភ្លៀងត្រូវរន្ទះបាញ់ស្លាប់ម្នាក់និងម្នាក់ទៀតមិនរងរបួស

ចែករំលែក៖

 

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ពេល​កំពុង​បើកបរ​គោ​យន្ត ខណៈ​ពូ​របស់​គេ​ដែល​អង្គុយ​លើ​រ៉ឺ​ម៉ក​ខាងក្រោយ​មិន​រង​របួស​ទេ ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅ​ចំណុច​ទំនប់​អាង​ភាស ស្ថិត​ក្នុងភូមិ​ទំពូង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ។

សមត្ថកិច្ច​មិន​ទាន់​មាន​របាយការណ៍ជាក់លាក់​អំពី​គ្រោះថ្នាក់​ដោយ​អភូតហេតុ​គ្រោះ​ធម្មជាតិ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​អ្នក​ភូមិ​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហឿ​ប ញឿ​ន ហៅ​តក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អ្នក​បើក​គោ​យន្ត បាន​ស្លាប់ រីឯ​អ្នក​ជិះ​រ៉ឺ​ម៉ក​ខាងក្រោយ​ត្រូវជា​ពូ​របស់​ជន​រង​គ្រោះ​មិន​រង​របួស​ទេ ។

អធិការ​ស្រុក​ថ្មគោល​បាន​ប្រាប់​ដែរ​ថា ហេតុការណ៍​បាន​កើតឡើង គឺ​មន្ត្រី​មូលដ្ឋាន​មិន​បានដឹង​ភ្លាម​ៗ​ទេ លុះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដឹក​សាកសព​ដល់​ផ្ទះ និង​បាន​រៀបចំ​តម្កល់សព​ក្នុង​ម្ឈូស​ទៅ​ហើយ ទើប​គេ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។ ប៉ុន្តែ​លោក​អធិ​ការ​បាន​បញ្ជាក់​ថា បើ​តាម​ព័ត៌មាន​បឋម​ដែល​ល​លោក​ទទួល​បាន ជន​រង​គ្រោះ​ពូ​និង​ក្មួយ​នេះ បាន​បើកបរ​គោ​យន្ត​កន្ត្រៃ​លើ​ទំនប់​អាង​ភាស​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង ។ អ្នក​បើក​គោ​យន្ត​បាន​ស្លាប់ រីឯ​ម្នាក់​ទៀត​ដែល​ជិះ​លើ​រ៉ឺ​ម៉ក​មិន​រង​របួស​ទេ ៕


ចែករំលែក៖