ខេត្តស្វាយរៀង៖ នគរបាលក្រុងបាវិត បានបង្ក្រាបក្រុមជនសង្ស័យសរុបចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីគាស់ទម្លុះទម្លាយអគារ លួចយកដែក និងសម្ភាររបស់ក្រុមហ៊ុនឧទ្យាន OP (អគារគ្មានមនុស្សស្នាក់នៅ)។
នគរបាលក្រុងបាវិត បានឱ្យដឹងនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា ជនសង្ស័យទាំង ០៣នាក់ រួមមាន៖
១. ឈ្មោះ ឡុក សំឡូត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
២. ឈ្មោះ ខែម សីហា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
៣. ឈ្មោះ ព្រំ វុទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិព្រៃរបឺស ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តថា ក្រោមការដឹកនាំរបស់លោក សំ សំអុល អធិការនគរបាលក្រុង សមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារសង្កាត់បាវិត បង្ក្រាបករណីលួចខាងលើក្នុងចន្លោះរយៈពេល ០៣ថ្ងៃ គឺថ្ងៃទី១២ ទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុមហ៊ុនឧទ្យាន OP (អគារគ្មានមនុស្សស្នាក់នៅ) ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបានបង្ក្រាប និងដកហូតវត្ថុតាងរួមមាន៖
វត្ថុតាងដកហូតពីឈ្មោះ ឡុក សំឡូត៖
* ម៉ូតូ ០១គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព)
* ទុលវីសចំនួន ០១
* កាំបិតដងឈើចំនួន ០១ដើម
* ទូរសព្ទដៃ ០១គ្រឿង ម៉ាក HONOR ពណ៌ផ្ទៃមេឃ
* សោតាន់ចំនួន ០២
* ម៉ូតូ ០១គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1LY-2703 (ម្ចាស់ម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ)
* អ៊ីណុកស៊ុមបង្អួចមួយចំនួនធំ
វត្ថុតាងដកហូតពីឈ្មោះ ខែម សីហា៖
* ម៉ូតូ ០១គ្រឿង ម៉ាក Click ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ (ជិះធ្វើសកម្មភាព)
* ដែកមួយចំនួន (វត្ថុតាងលួច)
* ម៉ូទ័រកាត់ដែក ០១
* ផ្លែកាត់ ០៣
* កូនសោ ០៤ដើម
* ដង្កាប់ ០១
* កូនកាំបិត ០១
វត្ថុតាងពាក់ព័ន្ធឈ្មោះ ព្រំ វុទ្ធី និងបក្ខពួក៖
* ម៉ូតូ ០១គ្រឿង ម៉ាក Air Blade ពណ៌ដីឥដ្ឋ គ្មានស្លាកលេខ (មធ្យោបាយជិះធ្វើសកម្មភាព)
* ម៉ូតូ ០១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KJ-3217 (ម្ចាស់រត់គេចខ្លួន)
* ម៉ូតូ ០១គ្រឿង ម៉ាក Wave ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-2229 (ម្ចាស់រត់គេចខ្លួន)
* ម៉ូតូ ០១គ្រឿង ម៉ាក Satria ពណ៌ខ្មៅ គ្មានស្លាកលេខ (ម្ចាស់រត់គេចខ្លួន)
* ជញ្ជីងថ្លឹង ០១
* ដែកស៊ុមទ្វារ និងបង្អួចមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
លោក សំ សំអុល អធិការនគរបាលក្រុងបាវិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងកម្មករទាំងប្រុសទាំងស្រីទាំងអស់ ប្រសិនបើឃើញអគារក្រុមហ៊ុនមួយចំនួនដែលគេទុកចោល សូមកុំចូលទៅលួចគាស់ រុះរើ ឬទម្លុះទម្លាយឱ្យសោះ ព្រោះវាជាបទល្មើសព្រហ្មទណ្ឌដែលត្រូវប្រឈមមុខនឹងទោសទណ្ឌជាប់ពន្ធនាគារ (រួមទាំងអ្នកទទួលផលចោរកម្ម អ្នកលក់ និងអ្នកទិញ)។ អ្នកដែលពាក់ព័ន្ធសូមជៀសឱ្យឆ្ងាយ និងបញ្ឈប់ជាបន្ទាន់ ក្រោមបទបញ្ជារបស់ថ្នាក់ដឹកនាំ សមត្ថកិច្ចយើងនឹងបន្តស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ជានិច្ច៕



ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច