ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ៖ ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូន កងកម្លាំងថែរក្សាសន្តិភាពសរុបចំនួន ១០.៩១២នាក់ (ក្នុងនោះមានស្ត្រី ចំនួន ១.០៨២នាក់) ទៅ បំពេញបេសកកម្មថែរក្សាសន្តិភាពរបស់ (អ.ស.ប.) !

ចែករំលែក៖

 

ភ្នំពេញ ៖ តាមរយះសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ”ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ៖ក្រោមឆត្ររបស់ អ.ស.ប. កម្ពុជាបាន និងកំពុងចូលរួមចំណែកប្រកបដោយមោទនភាពក្នុង បេសកកម្មរក្សាសន្តិភាពពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូន កងកម្លាំងថែរក្សាសន្តិភាពសរុបចំនួន ១០.៩១២នាក់ (ក្នុងនោះមានស្ត្រី ចំនួន ១.០៨២នាក់) ទៅ បំពេញបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប. នៅក្នុងប្រទេសចំនួន១០ រួមមាន៖ ឆាដ ស៊ូដង់ ស៊ូដង់ ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។

សម្តេចធិបតី បានបន្តថា ៖ ជាមួយគ្នានេះ ទោះបីជាត្រូវរងសម្ពាធវិបត្តិពីខាងក្រៅជាបន្តបន្ទាប់ ក៏កម្ពុជាបន្តរក្សាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ព្រមទាំងបានជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងសក្តានុពល ផលិតកម្មក្នុងស្រុក និងការវិនិយោគលើវិស័យឡូហ្ស៊ីស្ទិក សន្តិសុខថាមពល រួមទាំងការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធនានា។ នៅក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុង រង្វង់ ៤,១% ប៉ុន្តែ កំណើនសេដ្ឋកិច្ចតែមួយមុខ មិនមែនជាគោលដៅចុងក្រោយបង្អស់នោះឡើយ។ អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺការធ្វើឱ្យកំណើននេះឆ្លុះបញ្ចាំងដោយផ្ទាល់ទៅលើការបង្កើតឱកាស ការងារថែមទៀត ការកើនឡើងនូវប្រាក់ចំណូល ការអភិវឌ្ឍជំនាញពិតប្រាកដ ការលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាសាធារណៈចាំបាច់ ព្រមទាំងការផ្តល់ទំនុកចិត្តលើអនាគតដ៏ភ្លឺស្វាងជូន ប្រជាពលរដ្ឋគ្រប់រូប។

នាយករដ្ឋមន្ត្រីបានរម្លឹកថា ៖ ឆ្លងកាត់ការឈឺចាប់ និងផលវិបាកដ៏ខ្លោចផ្សានៃសង្គ្រាម ព្រមទាំងផលប៉ះពាល់ពីការឈ្លានពាន អធិបតេយ្យជាតិនាពេលថ្មីៗនេះ យើងរឹតតែយល់ច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព កាលានុវត្តភាព ដ៏ទូលំទូលាយដែលសន្តិភាពបានបង្កើតឡើង និងភាពផុយស្រួយនៃសន្តិភាព ដែលយើងត្រូវតែរួមគ្នា ថែរក្សា និងការពារឱ្យបានដាច់ខាត។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជាថ្មីម្តងទៀត ឱ្យភាគីថៃគោរពកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងឈានទៅរកការស្តារសន្តិភាពនៅតាមព្រំដែន ក៏ដូចជា ការរួមរស់ប្រកបដោយភាពសុខដុមនៃប្រជាជនប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ។

រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តប្រកាន់ខ្ជាប់គោលការណ៍គ្រឹះនៃសន្តិភាព ការគោរពអធិបតេយ្យ ស្មើភាព ដោះស្រាយវិវាទដោយសន្តិវិធីដោយអនុលោមតាមច្បាប់អន្តរជាតិ ដោយមិនប្រើកម្លាំង ដើម្បី ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព និងប្រកបដោយបរិយាប័ន្ន។

សម្តេចសូមឱ្យកម្លាំងសាមគ្គីភាពរបស់យើង ក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការជួយពង្រឹងសន្តិភាព។ សូម ឱ្យសន្តិភាពបើកផ្លូវនិងបង្កើតនូវលក្ខខណ្ឌអំណោយផលសម្រាប់វិបុលភាពរួម ហើយសូមឱ្យច្បាប់អន្តរជាតិ នៅតែជាសសរទ្រទ្រង់ដ៏រឹងមាំក្នុងការរក្សា និងកសាងសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិទាំងមូល ៕

ដោយ ៖ សិលា


ចែករំលែក៖