ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វុីលីពីនខឹងអាមេរិកមិនលក់អាវុធឲ្យ

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងក្រោយពីអាមេរិកសម្រេចផ្អាកកិច្ច ព្រមព្រៀងលក់កាំភ្លើង២៦ពាន់ដើមឲ្យហ្វុីលីពីន។ លោក ឌុយទែរតេ បានហៅមេដឹក នាំអាមេរិកថាជាសត្វស្វា។

លោក ឌុតទែរតេ មានប្រសាសន៍តាម កញ្ចក់ទូរទស្សន៍ថា «សូមមើលសត្វស្វា ទាំងនោះ កាំភ្លើង២៦ពាន់ដើមដែលយើង ចង់ទិញតែគេមិនលក់ឲ្យ»។ លោក ឌុយ ទែរតេ បន្តជេរប្រមាថទៀតថា «ពួកអាល្ងង់អស់នោះយើងក៏មានកាំភ្លើងផលិតក្នុងស្រុក ដែរ ពួកអាមេរិកល្ងង់ខ្លៅ»។

លោក ឌុយទែរតេ បញ្ជាក់ទៀតថា ការណ៍ដែលអាមេរិកមិនលក់កាំភ្លើងឲ្យ មិនមែនជារឿងសំខាន់ឡើយដោយហ្វុីលីពីនអាចទិញពីចិនឬរុស្ស៊ីបានគ្រប់ពេល។

តាមការចុះផ្សាយរបស់ស៊ីអិនអិនការលើកឡើងរបស់លោក ឌុយទែរតេ នេះគឺជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ដែលថា ក្រសួងការបរទេសសហរដ្ឋអាមេ រិកបញ្ឈប់ការលក់កាំភ្លើងប្រមាណ២៦ ពាន់ដើមទៅឲ្យប៉ូលិសហ្វុីលីពីនជុំវិញការព្រួយបារម្ភស្តីអំពីកំណត់ត្រាសិទ្ធិមនុស្ស ក្នុងប្រទេសនាពេលថ្មីៗនេះ។

ជុំវិញរឿងនេះនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធលោក Ronald dela Rosa ជាអគ្គស្នងការប៉ូលិសជាតិបានឲ្យ ដឹងថា លោកមិនទាន់បានទទួលរបាយ ការណ៍ផ្លូវការណាមួយស្តីអំពីការបិទលក់អាវុធនេះទេ និងបន្ថែមទៀតថា កំាភ្លើងគឺជាវត្ថុចាំបាច់សម្រាប់កងកម្លាំងសន្តិសុខសាធារណៈ ដូច្នេះប្រសិនអាមេរិកឈប់ លក់អាវុធឲ្យហ្វុីលីពីនយើងនឹងរកទិញវាពីប្រទេសដទៃ។

កន្លងមកក្រសួងការបរទេសអាមេរិកបានប្រកាសផ្អាកគម្រោងលក់កាំភ្លើង២៦ពាន់ដើមឲ្យប៉ូលិសជាតិហ្វុីលីពីនក្រោយពេលសមាជិកព្រឹទ្ធសភា Ben Cardin ប្រឆាំងទៅនឹងហេតុការណ៍ខាងលើ។ លោក Cardin បញ្ជាក់ថា សមាជិកគណ បក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការកិច្ចការបរទេសរបស់សភាបានជំទាស់ទៅនឹងការលក់អាវុធទៅឲ្យហ្វុីលីពីនក្នុងពេលដែលប្រទេសនេះកំពុងតែបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់សហគមន៍អន្តរជាតិ។

លោក Cardin បញ្ជាក់ថា នឹងប្រឆាំងទៅលើកិច្ចព្រមព្រៀងលក់អាវុធខាងលើ មុនពេលក្រសួងការបរទេសផ្តល់របាយ ការណ៍ឲ្យសភា។ មន្ត្រីការបរទេសអាមេរិក មិនបានវិភាគអ្វីជុំវិញហេតុការណ៍ខាងលើនេះទេ។

ទំនាក់ទំនងរវាងហ្វុីលីពីននឹងអាមេរិកដែលជាសម្ពន្ធមិត្តជិតស្និទ្ធនឹងគ្នាអស់រយៈពេល៧០ឆ្នាំកន្លងមកបានរង្គោះរង្គើក្រោយ ពេលដែលប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ ថ្កោលទោសទៅលើទីក្រុងវ៉ាស៊ីន តោនដែលរិះគន់លោកទៅនឹងសង្គ្រាម ប្រឆាំងគ្រឿងញៀន។

កន្លងមកលោក ឌុយទែរតេ ធ្លាប់បាន ជេរប្រធានាធិបតី អូបាម៉ា ហើយលើកឡើង ថា អាមេរិកបដិសេធលក់អាវុធឲ្យហ្វុីលីពីន។ ប៉ុន្តែលោកបានប្រកាសថា លោកមិនយកចិត្តទុកដាក់លើបញ្ហាទាំងនោះឡើយបើអាមេរិកមិនលក់ឲ្យចិន និងរុស្ស៊ីបានត្រៀម លក្ខណៈលក់ឲ្យគ្រប់ពេល៕ ម៉ែវ សាធី

philippines-duterte_973x615


ចែករំលែក៖