ប៉ោយប៉ែតៈ កម្លាំងការិយា័ល័យប្រឆាំងការជួញដូរមនុស្ស បានអនុវត្តន៍តាមដីកាចាប់ខ្លួន ស្រ្តីជាជនសង្ស័យម្នាក់ពីបទជួញដូរមនុស្សឆ្លងដែន កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ថា ស្រ្តីរូបនេះ ឈ្មោះ ពៅ ស្រីហ៊ីម អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិខាងលើ មុខរបជាកម្មករ ទីកន្លែងកំណើត នៅក្នុងភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្ដីឈ្មោះខៀវ ចន្ថា មានកូនក្នុងបន្ទុក៤នាក់ ត្រូវបានចោទប្រកាន់ពីបទ ការនាំយកចេញដោយមិនស្របសម្រាប់ឆ្លងដែន ប្រព្រឹត្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ផ្ដន្ទាទោសតាមប្បញ្ញត្តិមាត្រា១១ នៃច្បាប់ស្ដីពីការបង្ក្រាបអំពីជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ។
សាលាដំបូងខេត្តបន្ទាយមានជ័យបានចេញដីកាឲ្យចូលខ្លួន១១៩៣ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ និងដីកាបង្គាប់ឲ្យនាំខ្លួនលេខ១០៦ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ លើឈ្មោះ ពៅ ស៊ីហែម ភេទស្រី អាយុ៣៦ឆ្នាំ ដោយជននេះ មិនព្រមចូលបង្ហាញខ្លួនចំពោះមុខតុលាការទេ ហេតុដូច្នេះ តុលាការចេញដីកាចាប់ខ្លួនលើជនត្រូវជាប់ចោទ ដើម្បីជននោះបង្ហាញខ្លូននៅមុខតុលាការ ខេត្តបន្ទាយមានជ័យ។
ក្រោយពីចាប់ឃាត់ខ្លួនស្ត្រីជាប់ចោទខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា