ខេត្តសៀមរាប៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោកប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប និងមាន ការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងករណី ក្លែងបន្លំឯកសារសាធារណៈ (ធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្តលេខីចៅសង្កាត់ ក្លែងក្លាយ)។
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង០០ នាទី សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៍ថា មានករណីលួចធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្តលេខា ក្លែងក្លាយ ពីរោងបោះពុម្ពមួយកន្លែងយីហោតារារះ ស្ថិតនៅក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង-ខេត្ត សៀមរាប ដែលមានម្ចាស់ឈ្មោះឃាម ខេមរៈ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងរោងពុម្ពខាងលើ។
ក្រោយពីបានទទួលបានសេចក្ដីរាយការណ៌ សមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងស្រាវ ជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរ រួមទាំងវត្ថុតាង (ត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្តលេខី ក្លែងក្លាយ) យកមកធ្វើការសួរនាំ ក្រោយពីសួរនាំ ជនសង្ស័យឈ្មោះឃាម ខេមរៈ បានឆ្លើយសារភាពថា ខ្លួន ពិតជាបានទទួលធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្តលេខី ក្លែងក្លាយ ពីជនសង្ស័យឈ្មោះ ជា ស៊ីថា ពិតប្រាកដមែន ដោយមិនមានលិខិតអនុញ្ញាតអ្វីនោះទេ ។
-វត្ថុតាងដកហូត៖ ត្រារដ្ឋបាលសង្កាត់ស្វាយដង្គំក្លែងក្លាយ ចំនួន១ ត្រាឈ្មោះហត្តលេខីចៅសង្កាត់ ចំនួន១។
-យើងបានធ្វើតេស្តស្វែងរកសារធាតុញៀនតាមរយៈទឹកនោម លើជនសង្ស័យពីរខាងលើ ជាលទ្ធផល អវិជ្ជមាន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច