ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ែន បូណា៖ «យើងរួមគ្នាធ្វើជាវ៉ាក់សាំងការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល»

ចែករំលែក៖

ខេត្តកណ្តាល៖ «សមិទ្ធផលដែលយើងមានសព្វថ្ងៃ កើតចេញពីបញ្ញាញាណនិងការលះបង់ដ៏ធំធេងណាស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ យើងមិនបណ្តែតបណ្តោយជាដាច់ខាតឱ្យសមិទ្ធផលទាំងនេះត្រូវបានបំផ្លាញដោយក្រុមជ្រុលនិយមដែលមិនបានធ្វើអ្វីទាល់តែសោះសម្រាប់ប្រយោជន៍ប្រទេសជាតិនិងប្រជាជន»។ នេះជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារសាធារណមតិ និងប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាទំនើបនិងបញ្ញាសិប្បនិម្មិត (AI) រីកចម្រើនយ៉ាងលឿនរហ័ស ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ព័ត៌មានបំភ្លៃ និងព័ត៌មានក្លែងក្លាយ ត្រូវបានគេប្រើប្រាស់ជាអាវុធយុទ្ធសាស្ត្រដើម្បីបំភាន់សាធារណមតិបានយ៉ាងងាយ។ ដូច្នេះ «ក្រុមការងារយើងទាំងអស់ត្រូវតែក្តាប់រឿងនេះឱ្យបាន ហើយត្រូវគ្រប់គ្រងនិងបន្សាបព័ត៌មានទាំងនោះឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដោយមិនខ្លាចនឿយហត់ និងមិនគិតពេលវេលា ប្រៀបដូចវ៉ាក់សាំងដែលបញ្ចេញឥទ្ធិពលភ្លាមពេលមានមេរោគមកយាយីរាងកាយរបស់យើង»។ នេះជាប្រសាសន៍សង្កត់ធ្ងន់របស់លោក ប៉ែន បូណា។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងមន្ទីរបក្សខេត្តកណ្តាល ដែលមានក្រុមការងារព័ត៌មាននិងសាធារណមតិ និងយុវជនគណបក្សឃុំ ទូទាំងខេត្តសរុបប្រមាណ ៨០០ នាក់ ក្រោមអធិបតីភាពលោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) ដោយមានការអញ្ជើញចូលរួមបើកពីប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

លោក ប៉ែន បូណា បានកោតសរសើរដល់អ្នកចូលរួមទាំងអស់ ជាពិសេសយុវជនបក្សដែលបានចំណាយពេលថ្ងៃឈប់សម្រាកមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ និងបានបង្ហាញពីការតាំងចិត្តខ្ពស់ ក៏ដូចជាភាពសកម្ម ក្នុងការងារព័ត៌មាន និងសាធារណមតិ ដើម្បីការពារសមិទ្ធផល ស្នាដៃ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ។ ដើម្បីបំពេញការងារនេះយើងត្រូវធ្វើការងារពីរទន្ទឹមគ្នាគឺ ប្រតិកម្ម និងបុរេសកម្ម ប្រកបដោយការទទួលខុសត្រូវ ដោយផ្អែកលើសច្ចៈធម៌ប្រវត្តិសាស្ត្រ ពោលគឺត្រូវនាំការពិតទៅប្រាប់ប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ និងគ្រប់ទិដ្ឋភាព៕

ដោយ ៖ សិលា


ចែករំលែក៖