សៀមរាប៖ យោងតាមរបាយការរបស់កម្លាំងនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦បានឲ្យដឹងថា សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខីចៅសង្កាត់ក្លែងក្លាយ ដោយគ្មានលិខិតអនុញ្ញាត។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ថា មានការធ្វើត្រាក្លែងក្លាយនៅរោងពុម្ព «តារារះ» ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បន្ទាប់ពីកម្លាំងនគរបាលក្រុងសៀមរាបបានចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់នៅថ្ងៃដដែល។
សមត្ថកិច្ចដកហូតបាន ត្រារដ្ឋបាលសង្កាត់ស្វាយដង្គំក្លែងក្លាយ១ និងត្រាឈ្មោះហត្ថលេខីចៅសង្កាត់ក្លែងក្លាយ១ ក្រោយការសួរនាំ ជនសង្ស័យឈ្មោះ ឃាម ខេមរៈ បានសារភាពថា ខ្លួនជាអ្នកទទួលធ្វើត្រាក្លែងក្លាយតាមការស្នើរបស់ជនសង្ស័យឈ្មោះ ជា ស៊ីថា ដោយគ្មានលិខិតអនុញ្ញាត។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច