ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកNAVARA មួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ខណៈដែលដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកឃឿនឡើងសួរច្បារចែកទ្រូងផ្លូវ និងបន្តទៅបុកឃឿនរង្វង់មូលជ្រោយចង្វាថ្មីបន្ថែមទៀត បណ្ដាលឲ្យបែកកង់មុខ និងក្រោយទៅមុខលេងរួច ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅជាប់រង្វង់មូលជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេសង្កេតឃើញមានរថយន្តស៊េរីទំនើបម៉ាក NAVARA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK.2646 បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ផ្លូវកោងមិនបានបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកឃឿនឡើងសួរច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកឃឿនរង្វង់មូលជ្រោយចង្វាថ្មីបន្ថែមទៀត បណ្ដាលឲ្យបែកកង់មុខ និងកង់ក្រោយ កល់ជាប់នឹងឃឿនសួនជ្រោយចង្វា ទើបទៅមុខលេងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕ សុខាសែនជ័យ